គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព
ភ្នំពេញ៖ លោក ប៊ុន រស្មី ហៅ ប៊ុន ផាក ឬត្រូវបានគេស្គាល់តាមបណ្ដាញសង្គមថា ជាគ្រូជោគជ័យ បន្ទាប់ពីចូលខ្លួនបំភ្លឺតាមការកោះហៅរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានទទួលស្គាល់កំហុស និងយល់ព្រមធ្វើកិច្ចសន្យា និងបញ្ឈប់ការផ្សព្វផ្សាយខ្លឹមសារដែលមិនបានយល់ពីអត្ថន័យនៃសន្តិភាព។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានប្រាប់អ្នកសារព័ត៌មានថា ក្រោយពីសាកសួរ និងទទួលស្គាលកំហុក និងដោយទទួលបានការអនុញាតពីឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុញាតឲ្យលោក ប៊ុន រស្មី ហៅ ប៊ុន ផាក ត្រឡប់ទៅផ្ទះវិញផងដែរ។
គូតឱ្យថឹងថា ក្រោយបង្ហោះសំណេរអត្ថន័យនៃសន្តិភាពឡើង មានមហាជនក៏ដូចជាអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិរិះគន់ទៅលើបុគ្គលរូបនេះ ហើយខ្លះទៀតក៏បានលើកឡើងថា បុគ្គលរូបនេះមិនទាន់យល់ពាក្យ សន្តិភាព។
សូមរំលឹកថា ឧត្ដមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីបានឃើញនូវការបង្ហោះរបស់បុគ្គលឈ្មោះ ប៊ុន ផាក ក៏បានបញ្ជាឲ្យជំនាញខាងផែនសន្តិសុខអញ្ជើញបុគ្គលរូបនេះមកបំភ្លឺផងដែរ៕