រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង ប្រធាននាយកដ្ឋានបានដឹកនាំមន្ដ្រីជំនាញក្រសួងនិងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះ ចំនួន ២ភូមិ ស្ថិតនៅក្នុងខេត្តព្រះវិហារ ដូចខាងក្រោម៖
ទី១. ភូមិឈ្មោះភូមិសេដ្ឋកិច្ច ស្ថិតនៅក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ មានផ្ទៃដីភូមិសរុប ២ ១០០ហិកតា ក្នុងនោះផ្ទៃដីសហគមន៍ ១ ៤៤៧ហិកតា, ផ្ទៃដីធ្វើកសិកម្ម ៦០៦ហិកតា, និងផ្ទៃដីលំនៅដ្ឋាន ៤៧ហិកតា ដែលមានខ្នងផ្ទះចំនួន ១៨០ខ្នង សើ្មនឹង ១៨៥គ្រួសារ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍, មានមត្ដេយ្យសហគមន៍, មានស្ថានីយផលិតទឹកសហគមន៍, មានសហគមន៍តំបន់ការពារធម្មជាតិតាំយូរ ដែលផ្ដល់សក្ដានុពលខាងវិស័យទេសចរណ៍បែបធម្មជាតិ។
ទី២. ភូមិឈ្មោះភូមិក្របៅ ស្ថិតនៅក្នុងឃុំគូលែនត្បូង ស្រុកគូលែន មានផ្ទៃដីភូមិសរុប ៨៨១ហិកតា ក្នុងនោះផ្ទៃដីធ្វើកសិកម្ម ៦៧១ហិកតា, និងផ្ទៃដីលំនៅដ្ឋាន ២១០ហិកតា ដែលមានខ្នងផ្ទះចំនួន ៣៨៥ខ្នង សើ្មនឹង ៤១៨គ្រួសារ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដូចជាផ្លូវក្រាលបេតុង ផ្លូវក្រាលកៅស៊ូ និងផ្លូវល្បាយក្រួសក្រហម, មានមត្ដេយ្យសហគមន៍, សាលាបឋមសិក្សា, មានស្ថានីយផលិតទឹកសហគមន៍, មានប្រភពទឹកសម្រាប់ស្រោចស្រពកសិកម្ម ដែលអំណោយផលដល់ការធ្វើស្រែ និងការធ្វើចំការ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានអញ្ជើញជួបសំណេះសំណាលដោយបានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្តធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ជូនដល់ក្រុបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ទាំងពីរផងដែរ។
ឯកឧត្តមរដ្ឋមន្ដ្រី បានជម្រាបជូនអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការអភិវឌ្ឍតំបន់ជនបទឱ្យមានការរីកចម្រើន ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ ក្នុងការជួយអភិវឌ្ឍនៅតំបន់ជនបទ ជាពិសេសការលើកកម្រិតផ្លូវពីផ្លូវក្រាលល្បាយដីទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវក្រាលបេតុង ដែលមានភាពធន់, លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាតសហគមន៍ និងបង្គន់អនាម័យ, ការអភិវឌ្ឍសហគមន៍ និងចលនាភូមិគំរូ, ព្រមទាំងការបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន និងបំណិនជីវិតដើម្បីឱ្យប្រជាពលរដ្ឋមានមុខរបរ និងរកប្រាក់ចំណូលបន្ថែម ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងអភិវឌ្ឍតំបន់ជនបទឱ្យមានភាពស៊ីវិល័យ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានស្វែងយល់អំពីតម្រូវការនានាដែលប្រជាពលរដ្ឋក្នុងសហគមន៍ ត្រូវការបន្ថែមទៀត ដើម្បីឱ្យសហគមន៍កាន់តែរីកចម្រើនឆាប់រហ័សតាមផែនការគ្រោងទុក។
បន្ទាប់ពីបានពិនិត្យស្ថានភាពភូមិទាំងពីររួចមក ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ថានីយចែកចាយទឹកស្អាតតាមទុយោខ្នាតសហគមន៍ ស្ថិតនៅឃុំគូលែនត្បូង ទីរួមស្រុកគូលែន។ ស្ថានីយចែកចាយទឹកនេះ មានទំហំ ១៥,៤ម៉ែត្រ x ១៨,៧ម៉ែត្រ មានកម្ពស់ ៣ជាន់ ក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) បានបើកការដ្ឋានសាងសង់ នៅក្នុងខែធ្នូ ឆ្នាំ២០២៤ មកដល់ពេលនេះសម្រេចបាន ១៤,៣២% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់នៅខែតុលា ឆ្នាំ២០២៥នេះ។ ស្ថានីយចែកចាយទឹកនេះ មានសមត្ថភាពផលិតទឹកបាន ១ ២៩៦ម៉ែត្រគូប ក្នុង១ថ្ងៃ មប្រើដល់ប្រជាជន ក្នុងសហគមន៍ប្រមាណ ១៣០០ គ្រួសារ ស្មើនឹង ៥៨៩៧ នាក់។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យស្ថានភាពផ្លូវក្រាលល្បាយក្រួសក្រហម ១ខ្សែ មានប្រវែង ១១,២គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ តភ្ជាប់ពីផ្លូវចុងកៅស៊ូ ត្រង់ចំណុចច្រកចូលប្រាសាទប្រាំ ភូមិស្រយ៉ង់ជើង ទៅដល់ភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន តបតាមការស្នើសុំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សូមបញ្ជាក់ផងដែរថា នៅលើកំណាត់ផ្លូវនេះត្រូវសាងសង់ផ្លូវគន្លងថ្មីប្រវែង ៥,៩គីឡូម៉ែត្រ ដែលមានទទឹង ៦ម៉ែត្រ ដែលជាផ្លូវចូលទៅកាន់តំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រប្រាសាទកោះកេរ ដែលមានប្រាសាទប្រមាណ ៧០ប្រាសាទ ហើយត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ តាមរយៈការលើកកម្រិតគុណភាពផ្លូវនេះ ត្រូវបានរំពឹងទុកថា នឹងធ្វើឱ្យចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ មានការកើនឡើងជារៀងរាល់ថៃ្ង ដែលបង្កលក្ខណៈងាយស្រួលដល់ទេសចរ៕