ឯកឧត្តម ហួត ហាក់៖ រួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន
ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាស្តីពី “ការអភិវឌ្ឍ គ្រប់គ្រង និងពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍” ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ។
សិក្ខាសាលានេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីគ្រប់សមាសភាពនៃសសរស្តម្ភទាំង៦ រួមមាន៖ ក្រសួងស្ថាប័នអន្តរវិស័យ តំណាងរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ វិស័យឯកជន ដៃគូអភិវឌ្ឍ ប្រតិបត្តិករ សេវាករទេសចរណ៍ ម្ចាស់អាជីវកម្ម សមាគមទេសចរណ៍ សមាគមយុវជន សិស្ស និស្សិត អ្នកផលិតមាតិកា Influencers និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ សរុបចំនួន ៣៥១នាក់។
ថ្លែងក្នុងសុន្ទរកថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា សិក្ខាសាលាមានគោលបំណងដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍អំពីចំណុចខ្លាំង ចំណុចខ្វះខាត កាលានុវត្តភាពក្នុងការវិនិយោគ បញ្ហាប្រឈម ទស្សនវិស័យ និងការកំណត់គោលដៅអភិវឌ្ឍក្នុងវិស័យទេសចរណ៍ សំដៅជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាខេត្តតាកែវ និងខេត្តក្បែរខាងឱ្យកាន់តែច្រើនថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៀតថា ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ ដែលអាចទាក់ទាញបាននូវកំណើនជារៀងរាល់ឆ្នាំ។ ជាក់ស្តែងនៅឆ្នាំ២០២៤ កម្ពុជាបានទទួលទេសចរអន្តរជាតិសរុប ៦,៧លាននាក់ កើនឡើង ២២,៩% ជាមួយទេសចរជាតិប្រមាណ ២២,៥លាននាក់ កើនឡើង ២០,១% ធៀបនឹងឆ្នាំ២០២៣។
ផ្អែកតាមនិន្នាការខាងលើ និងការបន្តដាក់ចេញវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាការជំរុញអនុវត្តផែនការយុទ្ធសាស្ត្រនានារបស់ក្រសួងទេសចរណ៍ យើងរំពឹងថាចំនួនភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងប្រមាណពី ៧,២ ទៅ ៧,៥ លាននាក់ នៅឆ្នាំ២០២៥នេះ ហើយក្រសួងទេសចរណ៍ ពិតជាត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសសរស្តម្ភទាំង៦ នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ដើម្បីធានាកំណើននេះឱ្យសម្រេចទៅបានតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។
ក្នុងន័យនេះ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ឱ្យបានកាន់តែទូលំទូលាយថែមទៀត ស្របតាមពាក្យស្លោក “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” ដែលដាក់ចេញដោយសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និង “ បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” ដែលដាក់ចេញដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ផ្ទាល់៕