ព្រះពុទ្ធបដិមាមួយអង្គធំ រួមទាំងរូបចម្លាក់តាមសតវត្សរ៍ ប្រមាណ២០០ នឹងត្រូវរៀបចំដាក់តាំងបង្ហាញនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
ភ្នំពេញ៖ អភិបាលក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) លោកឧកញ៉ា វ៉ាន់ ឆារស៏ បានបញ្ជាក់ថាព្រះពុទ្ធបដិមាមួយអង្គធំ រួមទាំងរូបចម្លាក់តាមសតវត្សរ៍ ចំនួនប្រមាណ២០០ នឹងត្រូវរៀបចំដាក់តាំងបង្ហាញនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាផ្នែកមួយក្នុងការចូលរួមលើកស្ទួយវប្បធម៌ អរិយធម៌ និងសាសនា។
រូបចម្លាក់ត្រូវបានដឹកមកដល់បណ្ដើរៗហើយ ដែលមានសរុបប្រមាណ២០០រូបចម្លាក់ ដើម្បីដាក់តាំងក្នុងព្រលានយន្តហោះអន្តរជាតិតេជោ។
នៅចំពោះមុខអ្នកសារព័ត៌មានប្រមាណជាង៩០នាក់ ក្នុងដំណើរទស្សនកិច្ចទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីជំរុញការផ្សព្វផ្សាយពីវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះថ្មី កាលពីរសៀលថ្ងៃទី២១ខែមីនា ឆ្នាំ២០២៥ លោកឧកញ៉ា វ៉ាន់ ឆារស៏ បានអះអាងថា ក្រៅពីចម្លាក់នេះ ព្រលានយន្តហោះអន្តរជាតិតេជោ ក៏គ្រោងដំឡើងព្រះពុទ្ធបដិមាដ៏ធំមួយអង្គទៀតផងដែរ។
លោកបញ្ជាក់ដូច្នេះថា៖«ថ្ងៃអាទិត្យពេលព្រឹក គឺយើងនិមន្តសម្ដេចសង្ឈ អំ លឹមហេង និមន្តមកដើម្បីពិនិត្យទីតាំង តើកន្លែងណាដែលយើងគួរដាក់ព្រះពុទ្ធបដិមា ហើយគួរតែឈរ ឬគួរតែអង្គុយសមាធិ…ថ្ងៃមុនឃើញព្រះអង្គ គូ សុភាព បានបង្ហោះ[ស្នើសុំដាក់ព្រះពុទ្ធបដិមា]! តែតាមការពិតយើងបានធ្វើហើយតាំងពីឆ្នាំមុន»។ លោកថា ការរៀបចំឱ្យព្រះពុទ្ធបដិមា និងចម្លាក់ផ្សេងទៀត នៅព្រលានយន្តហោះអន្តរជាតិតេជោ គឺជាការយកចិត្តទុកដាក់ចំពោះវប្បធម៌ខ្មែរ។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់តាមរចនាបទបែបខ្មែរ ដែលជាផ្នែកសំខាន់មួយក្នុងការទាក់ទាញទេសចរ។ ក្រៅពីចម្លាក់ព្រះពុទ្ធ និងចម្លាក់ផ្សេងទៀតជាច្រើន ដែលត្រូវបាននាំយកមកតាំងបង្អួតភ្នែកទេសចរ គេឃើញមានដើមត្នោតដែលត្រូវបានចាត់ទុកជានិមិត្តរូបតំណាងឱ្យជាតិខ្មែរ ក៏ត្រូវបានដាំជាច្រើនដើមនៅក្នុងព្រលានយន្តហោះលំដាប់ 4F នេះដែរ។ មិនមែនតែដើមត្នោតទេ ប៉ុន្តែក៏នៅមានផ្ការំដួល ធ្នង់ បេង។ល។ ដែលសរុបអាចចូលដល់លានដើមគ្រោងដាំបន្ថែមនៅក្នុងនិងក្រៅព្រលានយន្តហោះនេះ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាន់ ឆារស៏ ដដែឡ៕