មន្ទីរបញ្ចកោណ៖ លោក Pete Hegseth នឹងបំពេញទស្សនកិច្ច ជាលើកដំបូងមកកាន់តំបន់អាស៉ី ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិអាមេរិក នៅសប្តាហ៍ក្រោយ
វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP មន្ទីរបញ្ចកោណ កាលពីថ្ងៃសុក្រ ទី២១ ខែមីនា បានឱ្យដឹងថា លោក Pete Hegseth នឹងបំពេញទស្សនកិច្ច ជាលើកដំបូងមកកាន់តំបន់អាស៉ី ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិអាមេរិក នៅសប្តាហ៍ក្រោយ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បាននិយាយថា ដំណើរទស្សនកិច្ចខាងលើ គឺស្របពេលដែលសហរដ្ឋអាមេរិក បន្តផ្តោតបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសមានចិត្តគំនិតដូចគ្នា ដើម្បីពង្រឹងសន្តិសុខនៅក្នុងតំបន់។
បើតាមលោក Parnell លោក Hegseth នឹងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន និងជប៉ុន ដែលជាសម្ព័ន្ធមិត្តសំខាន់ៗ របស់ទីក្រុងវ៉ាស៉ីនតោន។
គួរបញ្ជាក់ថា អំឡុងទស្សនកិច្ចខាងលើ លោករដ្ឋមន្រ្តីការពារជាតិ នឹងចូលរួមក្នុងពិធីរំលឹកខួបទី៨០ នៃសមរភូមិកោះ Iwo Jima ជាទីដែលកាលពីជិតចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២ ឆ្នាំ១៩៤៥ កងទ័ពជប៉ុននិងអាមេរិក បានប្រយុទ្ធគ្នាយ៉ាងសាហាវ អស់រយៈពេល៥សប្តាហ៍។ ពេលនោះ ជប៉ុនបានបាត់បង់ស្ទើរតែទាំងអស់ នៃកងទ័ពរបស់ខ្លួនប្រមាណ ២១០០០នាក់ នៅលើកោះតូចមួយនោះ ខណៈខាងអាមេរិកមានទាហានជាង ៦ ៨០០នាក់ស្លាប់ និងរងរបួសច្រើនជាង១៩ ០០០នាក់៕