ឯកឧត្តម វង សូត ចុះពិនិត្យមើលការបង្កបង្កើនផលដំណាំពោតរបស់សហគមន៍កសិកម្មជីរោទ៍រុងរឿង
ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងសមាជិក សមាជិការដ្ឋសភាមណ្ឌលខេត្តត្បូងឃ្មុំ រួមមាន ឯកឧត្តម កែវ ពិសិដ្ឋ ឯកឧត្តម សន សារ៉ាណា និងលោកជំទាវ សាន្ត អរុណ បានអញ្ជើញចុះពិនិត្យមើលការបង្កបង្កើនផលដំណាំពោតរបស់សហគមន៍កសិកម្មជីរោទ៍រុងរឿង និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍៥០គ្រួសារ ស្ថិតនៅក្នុងភូមិកំពង់ឫស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥។
តាមប្រសាសន៍លោកប្រធានសហគមន៍កសិកម្មជីរោទ៍រុងរឿងបានឲ្យដឹងថា សហគមន៍កសិកម្មជីរោទ៍រុងរឿងបានត្រូវបានផ្តួចផ្តើម រួមគ្នាបង្កើតឡើងនៅឆ្នាំ២០២២ ដោយមានការ សម្របសម្រួលពីមន្ទីរកសិកម្មខេត្ត អាជ្ញាធរឃុំ ស្រុក។ បច្ចុប្បន្ន សហគមន៍មានថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល ៥រូប ក្នុងនោះស្រី ២រូប គណៈកម្មាធិការត្រួតពិនិត្យ ៣រូប និងមានសមាជិកសរុប ៣៥នាក់ ក្នុងនោះស្រី ១២នាក់ មានភាគហ៊ុនសរុបចំនួន ១១០ហ៊ុន ស្មើនឹងទឹកប្រាក់សរុប ១១ ០០០ ០០០រៀល។ ហើយសហគមន៍កសិកម្មមានផ្ទៃដីផលិតកម្មកសិកម្មសរុប ១៤០ហ.ត ក្នុងនោះផ្ទៃដីដាំបន្លែ ១០ហ.ត ស្រូវ មានផ្ទៃដី ២០ហ.ត និងពោតក្រហមជាដំណាំសក្តានុពលជាងគេ មានផ្ទៃដី១១០ហ.ត បរិមាណផល ២ ០០០ តោនក្នុងមួយឆ្នាំ។ សហគមន៍ទិញពោតពីសមាជិកយកទៅសម្លុតក្នុងឡសស្ងួតដែលមានសមត្ថភាពសម្លុត ពោត ៤៥តោន/ថ្ងៃ រួចផ្គត់ផ្គង់ទៅក្រុមហ៊ុនប្រមូលទិញ តាមរយៈការចុះកិច្ចសន្យាផលិតកម្មកសិកម្ម ក្រោមការសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តត្បូងឃ្មុំ។ ការចុះកិច្ចសន្យាលក់ពោតឲ្យក្រុមហ៊ុន ធ្វើឲ្យសមាជិកចេះប្រមូលផ្តុំកសិផលរួមគ្នា លក់ ទៅទីផ្សារមានស្រាប់ ទទួលបានប្រាក់ចំណេញសមរម្យ ហើយសហគមន៍ទទួលបានចំណូលបន្ថែបតាមរយៈកម្រៃ ជើងសារ។ លោកបានបន្តថា បន្ទាប់ពីបានបង្កើតសហគមន៍កសិកម្ម ធ្វើឲ្យតម្លៃពោតរបស់សមាជិកល្អប្រសើរ ប្រជាជនមានជីវភាពធូរធា។
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានស្វែងយល់ពីបញ្ហាប្រឈមនានាចំពោះការដាំដុះដំណាំពោត និងបានជំរុញឱ្យប្រធានសហគមន៍ និងមន្ទីរកសិកម្មខិតខំធ្វើយ៉ាងណា ជួយពង្រីកផ្សារនិងបានណែនាំមន្ត្រីកសិកម្មឃុំ ត្រូវជួយគាំទ្របច្ចេកទេសដាំដុះដល់កសិករ។
ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ប្រធានសហគមន៍ និងក្រុមប្រឹក្សាសហគមន៍ ឱ្យខិតខំស្វែងរកទីផ្សារសម្រាប់កសិផល និងធ្វើផែនការផលិតឱ្យបានច្បាស់លាស់ ដោយនាំយកកសិផលរបស់កសិករ ទៅដល់ទីផ្សារគោលដៅចុងក្រោយ ដើម្បីបង្កើនប្រាក់ចំណេញ និងរក្សាបាននិរន្តរភាពទីផ្សារ។ ស្របពេលជាមួយគ្នានោះ ក៏ត្រូវពង្រីកការដាំដុះដំណាំពោតឲ្យបានច្រើនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តម វង សូត និងតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានលើកទឹកចិត្តដល់បងប្អូនកសិករ ដែលជាសមាជិកសហគមន៍ បន្តបង្កបង្កើនផលតាមបច្ចេកទេសរបស់សហគមន៍ ដោយរក្សាឱ្យបាននូវសាមគ្គីភាពក្នុងសហគមន៍។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា ក៏បានឧបត្ថម្ភថវិកាដល់កសិករទាំង៥០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន៥ម៉ឺនរៀល ៕