ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ។
ពិធីនេះត្រូវបានរៀបចំឡើងនៅខាងមុខបរិវេណនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្ថិតនៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង រួមមាន ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ទីប្រឹក្សាអមក្រសួង អគ្គនាយក ប្រធាននាយកដ្ឋាន, ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម គឹម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត, ថ្នាក់ដឹកនាំខេត្ត, កងកម្លាំងទាំង៣ប្រភេទ, លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត, លោកអភិបាលក្រុង ស្រុក, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, ថ្នាក់ដឹកនាំនិងមន្ដ្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, ព្រមទាំងលោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស, យុវជន និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។
ជាកិច្ចចាប់ផ្ដើម លោក ម៉ប់ ធីរិត បានធ្វើរបាយការណ៍សាងសង់ ដោយបានបញ្ជាក់ថា អគាររដ្ឋបាលថ្មី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចាប់ផ្តើមសាងសង់ជាផ្លូវការនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ និងសាងសង់រួចរាល់ជាស្ថាពរ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដោយប្រើប្រាស់ថវិកាជាតិ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។ អគាររដ្ឋបាលថ្មីនេះ មានកម្ពស់ ២ជាន់ ទំហំ២០ម៉ែត្រ x ១០ម៉ែត្រ មានចំនួន ១០បន្ទប់ និងសាលប្រជុំចំនួន ០១ ព្រមទាំងមានការបំពាក់សម្ភារ បរិក្ខារ សង្ហារិម ប្រព័ន្ធបិទបើកភ្លើង ប្រព័ន្ធ Internet Wifi, ប្រព័ន្ធរៀបចំសាលប្រជុំ, ប្រព័ន្ធបំពងសម្លេង, ប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព, ប្រព័ន្ធសុវត្ថិភាពការងារផ្សេងៗទៀត ដើម្បីអោយមន្ត្រីរាជការមានកន្លែងបំពេញការងារសមរម្យ។
ជាមួយគ្នានោះដែរ ឯកឧត្តម គឹម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងថា អាជ្ញាធរខេត្តបាននិងកំពុងប្រើប្រាស់អស់លទ្ធភាព នូវប្រភពធនធាន ប្រភពទុន ប្រភពកម្លាំងដើម្បីធ្វើការអភិវឌ្ឍន៍ខេត្ត ជាពិសេសការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ដែលរស់នៅប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃនៅក្នុងខេត្ត និងការពារសន្តិសុខ ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមកទស្សនកិច្ចកាន់តែច្រើនថែមទៀត នៅលើទឹកដីនៃខេត្តព្រះវិហារ។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍សាងសង់ និងសុន្ទរកថាស្វាគមន៍ រួចមក ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលខេត្តព្រះវិហារសម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ជាពិសេសវិស័យអភិវឌ្ឍន៍ជនបទ ដែលក្នុងនោះ តំបន់ជនបទត្រូវបានធ្វើសមាហរណកម្មតាមរយៈការតភ្ជាប់ផ្លូវខ្វាត់ខ្វែង ទទួលបាននូវសេវាទឹកស្អាត និងអនាម័យកាន់តែប្រសើរឡើង ព្រមទាំងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏មានការរីកចម្រើនជាលំដាប់ប្រកបដោយភាពស៊ីវិល័យផងដែរ។
ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្ថែមទៀតថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងសន្ដិភាព ដែលនាំមកនូវឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងភាពប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសមិទ្ធផលធំៗ និងលេចធ្លោរគួរឱ្យកត់សម្គាល់ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្នុងរយៈពេលជិត ១៨ខែកន្លងមកនេះ របស់រាជរដ្ឋាភិបាល ក្នុងការរក្សាកំណើនសេដ្ឋកិច្ចជារៀងរាល់ឆ្នាំ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាលំដាប់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ដ្រី ដែលមានគោលដៅ ប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានជម្រាបជូនអង្គពិធីអំពី ចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនគឺ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” តាមរយៈយុទ្ធសាស្រ្តគន្លឹះជាអទិភាពចំនួន ៥ គឺ ទី១) អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ទី២) លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ទី៣) អភិវឌ្ឍសហគមន៍ជនបទឌីជីថល និងចលនាភូមិគំរូ, ទី៤) ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងទី៥) ពង្រឹងស្ថាប័ន រដ្ឋបាលឌីជីថល និងកិច្ចការទូទៅ។
ក្នុងឱកាសដ៏នក្ខត្តឫក្សនោះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ក្នុងការខិតខំបង្កើតសមិទ្ធផលថ្មីៗ បន្ថែមទៀតជូនរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត ក៏ដូចជាប្រជាជននៅទូទាំងខេត្ត ជាពិសេសបន្តអនុវត្តការងារ ដើម្បីឱ្យសម្រេចតាមយុទ្ធសាស្ដ្រ និងចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទដែលបានកំណត់ ៕