សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ ត្រូវជួយឱ្យបង្កើនសក្ដានុពលដល់សហគមន៍ បង្កើនការរីកចម្រើនដល់សហគមន៍ និងមិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» នៅក្នុងខេត្តតាកែវ នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីជួយសហគមន៍ឱ្យជោគជ័យ ទាល់តែពលរដ្ឋនៅសហគមន៍នោះមានឆន្ទៈចង់ធ្វើ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា បើពលរដ្ឋនៅសហគមន៍មិន មានទឹកចិត្ត មិនមានឆន្ទៈចង់ធ្វើ គឺគម្រោងដែលចង់ជួយសហគមន៍បរាជ័យហើយ ៕