សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍, គណៈកម្មការអន្តរក្រសួង, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលខេត្តតាកែវ, សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជន ដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម។
ក្នុងឳកាសអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៩ នៅក្នុងខេត្តតាកែវ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី បានថ្លែងថា ពីបរមបុរាណ រហូតមកដល់បច្ចុប្បន្ន, ទន្លេ គឺជាចំណុចកណ្តាលនៃទំនៀមទម្លាប់, ជីវភាព និងជារបៀងវប្បធម៌ ដែលបង្រួបបង្រួមសហគមន៍ចម្រុះ។
សម្តេចធិបតី បានបន្ថែមថា ប្រធានបទនៃពិធីបុណ្យទន្លេលើកទី៩ នៅឆ្នាំនេះ ក្រោមប្រធានបទដ៏មានសារៈសំខាន់ គឺ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងអំពីអត្ថប្រយោជន៍ និងសក្តានុពលរបស់ទន្លេ ដោយផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ ជាមួយនឹងការអបអរសាទរចំពោះចំណងដ៏ជ្រាលជ្រៅរវាងទន្លេ និងប្រជាជន ដែលអាស្រ័យផលនឹងទន្លេ៕