សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ខេត្តតាកែវ ជាអតីតរាជធានី មានសក្តានុពលធម្មជាតិ និងទីតាំងភូមិសាស្ត្រជិតរាជធានី មានតម្បាញ មានបង្កង មានពងទា ដែលជាសក្តានុពលសម្រាប់វិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឱ្យមកទស្សនាច្រើន។
សម្ដេចធិបតីបានលើកឡើងបែបនេះ ក្នុងឳកាសអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៩ នៅក្នុងខេត្តតាកែវ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ។
សូមបញ្ជាក់ថា ខេត្តតាកែវ ជាខេត្តវ័យចំណាស់ដែលបានកកើតទឹកដី និង អារ្យធម៌ខ្មែរដំបូងបង្អស់ តាំងពីសម័យអាណាចក្រហ្វូណន ឬ នគរភ្នំ ដែលបានបន្សល់ទុកនូវធនធានប្រវត្តិសាស្ត្រជា ប្រាសាទបុរាណជាច្រើន ហើយទីតាំងប្រាសាទទាំងនោះ បានប្រែក្លាយជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិ អន្តរជាតិទស្សនា និង សិក្សាស្វែងយល់។
ក្រៅពីនោះ ខេត្តតាកែវក៏មានតំបន់ទេសចរណ៍ធម្មជាតិ និង ទេសចរណ៍កែច្នៃ សម្រាប់ភ្ញៀវទេសចរណ៍ មកលេងកម្សាន្តផងដែរ៕