សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អញ្ជើញមានប្រសាសន៍នាឱកាសដ៏ថ្លៃថ្លានោះ សម្តេចបានថ្លែងអរគុណចំពោះរដ្ឋបាលខេត្ត លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្សានុសិស្សទាំងអស់ នៅក្នុងវិទ្យាល័យនេត យ៉ង់ បានគាំទ្រ ជួយសម្របសម្រួលអនុញ្ញាតឲ្យយើងបានរៀបចំនូវការសាងសង់អគារនេះ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ស្នើអោយក្រុមហ៊ុនសាងសង់ ពិនិត្យគុណភាពសំណង់ជាចំបង រៀបចំតាមស្តង់ដារច្បាស់លាស់ និយាយជារួមសូមយកចិត្តទុកដាក់លើគុណភាព។ សម្ដេចក៏បានស្នើសូមអោយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមថែរក្សាអនាម័យនៅក្នុងសាលាទាំងអស់គ្នា។
សម្ដេចមានប្រសាសន៍បន្ថែមថា បន្ទាប់អគារសាងសង់រួចនោះ សម្តេចនឹងស្នើសូមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពសម្ភោធដាក់ឲ្យប្រើប្រាស់។
សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង សង្ឃឹមជឿជាក់ថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទាំងអស់ នឹងចូលរួមគាំទ្រតាមលទ្ធភាព ដែលអាចធ្វើទៅបាន ហើយក៏សូមអោយលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ នាយក នាយករង ថ្នាក់ដឹកនាំសាលា និងមន្ទីរអប់រំ យុវជននិងកីឡា ខេត្តបាត់ដំបង មេត្តាចូលរួមគាំទ្រដើម្បីការអភិវឌ្ឍ ការសាងសង់នូវអគារសិក្សាដែលបើកការដ្ឋានថ្ងៃនេះ ៕