អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររង នៃវិទ្យាស្ថានសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត អភិបាលស្រុក ក្រុង មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងមាតាបិតាអាណាព្យាល យ៉ាងច្រើនកុះករ។
លោក ខា ស៊ីចាន់ នាយកវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តពោធិ៍សាត់ បានឱ្យដឹងថា វិទ្យាស្ថាននេះ បានបង្កើតឡើងក្នុងខែមករា ឆ្នាំ២០២៣ តាមអនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។ វិទ្យាស្ថាននេះ បាននឹងកំពុងបណ្តុះបណ្តាល លើកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជំនាញរដ្ឋបាលសាធារណៈ នីតិសាស្ត្រ ព័ត៌មានវិទ្យា គ្រប់គ្រងទូទៅ គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ អក្សរសាស្ត្រអង់គ្លេស គ្រប់គ្រងទីផ្សារ សហគ្រិនភាព សេដ្ឋកិច្ច ទេសចរណ៍ ទំនាក់ទំនង វិស្វកម្ម និងមេកានិច។ បច្ចុប្បន្នវិទ្យាស្ថានមានបុគ្គលិក ១៥នាក់ មាននិស្សិតចំនួន ៩៧៦នាក់ ស្រី ៤៨២នាក់ ក្នុងនោះនិស្សិតជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រចំនួន ៦៥៧អង្គ/នាក់ ស្រី ៣៨៣នាក់ រួមមានផ្នែកបរិញ្ញាជាន់ខ្ពស់ចំនួន ២៥០អង្គ/នាក់ ស្រី ១៦៥នាក់, បរិញ្ញាបត្រ និងបរិញ្ញាបត្ររងចំនួន ២៣៨អង្គ/នាក់ ស្រី ១១៥នាក់ និងវិញ្ញាបនបត្រ ១៤៩អង្គ/នាក់ ស្រី ១០៣នាក់។
ថ្លែងសំណេះសំណាលក្នុងពិធីចែកសញ្ញាបត្រ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការកោតសរសើរ ចំពោះសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ច ដែលមានលោក ខា ស៊ីចាន់ ជានាយក ដែលបានយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាលចំណេះជំនាញ ឆ្ពោះទៅរកទម្រង់អប់រំតាមបែបឌីជីថលឆ្លើយតបទៅនឹងគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។ ដោយឈរលើមូលដ្ឋាន នៃសមិទ្ធផលអប់រំនិងការកែទម្រង់វិស័យអប់រំ ទាំង៣ដំណាក់កាល បានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីទៅរកម៌ាគា នៃកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព មានភាព ឆ្លាតវៃរស់រវើក បុរេកម្ម និងទន់ភ្លន់។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងលើកឡើងថា ប្រព័ន្ធអប់រំត្រូវមានភាពធន់ និងកំណត់អាទិភាពទាំងផ្នែកចំណាយ ការបំពេញកិច្ចការ និងចាប់យកឱកាសប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព ក្នុងការឆ្នៃប្រឌិតនូវវិធីសាស្ត្របង្រៀន និងរៀន ដោយរួមបញ្ចូលបច្ចេកវិទ្យាទំនើប ផ្សារភ្ជាប់ទៅនឹងគន្លងអាជីព និងបង្កើតប្រព័ន្ធអេកូឡូស៊ី សហគ្រិន ធុរកិច្ច ដោះស្រាយការប្រែប្រួល នៃកម្លាំងពលកម្ម និងការសិក្សាពេញមួយជីវិត។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា កាលានុវត្តភាពនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយសារតែយុវជន កំពុងត្រូវការសេវាអប់រំ តាមបែបថ្មីទំនើប និងមានគុណភាពខ្ពស់ នៅពេលមានការកើនឡើងយ៉ាងឆាប់រហ័ស ការប្រើប្រាស់បច្ចេកវិទ្យាអុីនធើណិត ដូច្នេះក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម សូមគាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាព ផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន ក្នុងគោលបំណងទាញប្រយោជន៍បច្ចេកវិទ្យា និងការអនុវត្តកំណេទម្រង់ការអប់រំ និងក្រោមវិធានការគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយភាពស្វាហាប់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តោតលើអាទិភាពគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលកិច្ចការទាំងនេះពិតជាឆ្លើយតបទៅនឹងការងារកែទម្រង់សំខាន់ៗ ហើយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ លើបាវចនាទាំង៥ កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព។ ពិតប្រាកដណាស់ថា ការអប់រំ គឺជាអាទិភាពក្នុងចំណោមវិស័យអាទិភាពនានា ត្រូវទាមទាធនធានមនុស្សប្រកបដោយគុណភាព ជំនាញស្វាហាប់ ឈានឆ្ពោះទៅរកការកសាងសង្គ មនិងប្រកួតប្រជែងទាំងប្រទេស ក្នុងតំបន់ និងសកលលោក ៕