វិមានក្រឹមឡាំង៖ ការចរចាបទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែននៅតែស្ថិតក្នុងដំណាក់កាលដំបូង
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ការសម្រេចបានបទឈប់បាញ់ក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែន នៅតែជាបញ្ហាប្រឈមដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងជាខ្លាំង ដោយសង្កត់ធ្ងន់ថា ការចរចានៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។
លោក Peskov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «ខ្ញុំចង់រំលឹកអ្នកថា លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន ពិតជាគាំទ្រគំនិតនៃបទឈប់បាញ់… នេះជាបញ្ហាស្មុគស្មាញណាស់ ហើយការងារជាច្រើននៅតែត្រូវធ្វើ។ យើងគ្រាន់តែនៅដើមផ្លូវនេះប៉ុណ្ណោះ»។
លោកបានគូសបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិចទំនងជាមិនដកទណ្ឌកម្មភ្លាមៗប្រឆាំងនឹងរុស្ស៊ីទេ ដោយជំរុញឱ្យប្រទេសនេះបន្តការអភិវឌ្ឍន៍ក្រោមឧបសគ្គបច្ចុប្បន្ន។
ទោះបីជាមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ លោក Peskov បាននិយាយថា ទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន មិនគួរអនុញ្ញាតឱ្យមានការខ្វែងគំនិតគ្នាដើម្បីបង្អាក់កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកនោះទេ។
លោកបានបន្ថែមថា យើងអាចមិនយល់ស្របលើអ្វីមួយ ប៉ុន្តែវាមិនមានន័យថាយើងគួរតែអនុញ្ញាតឱ្យវារារាំងកិច្ចសហប្រតិបត្តិការជាក់ស្តែងនោះទេ។
ថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានពិភាក្សាជាមួយសមភាគីរុស្ស៊ី និងអ៊ុយក្រែនរៀងៗខ្លួន ដើម្បីចរចាបទឈប់បាញ់។