លោក Netanyahu និងលោក Rubio ជួបពិភាក្សាអំពីការដោះលែងចំណាប់ខ្មាំង និងការវាយលុកតំបន់ Gaza
ហ្សេរុយសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ បានពិភាក្សាគ្នាលើកិច្ចខិតខំប្រឹងប្រែងតាមទូរស័ព្ទ ដើម្បីដោះលែងចំណាប់ខ្មាំងនៅក្នុងការចាប់ឃុំខ្លួនរបស់ពួកហាម៉ាស និងការវាយលុកជាថ្មីរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។
សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក Netanyahu បាននិយាយថា អ្នកទាំងពីរបានពិភាក្សាអំពីការអភិវឌ្ឍន៍ក្នុងតំបន់ រួមទាំងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងការបន្តការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា ដោយបន្ថែមថា លោក Rubio បានសម្តែងនូវការគាំទ្រឥតងាករេសម្រាប់អ៊ីស្រាអែល និងគោលនយោបាយរបស់ខ្លួន។
អ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាសនិងដីថ្មីនៅតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃអង្គារដោយមានប្រសិទ្ធភាពបញ្ចប់បទឈប់បាញ់រយៈពេលពីរខែ។ ការទម្លាក់គ្រាប់បែកបានសម្លាប់មនុស្សយ៉ាងតិច ៦៧៣នាក់ និងរបួស ១.២៣៣នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា។
ក្រុមហាម៉ាស់បានចោទប្រកាន់អ៊ីស្រាអែលថាបានបំបែកកិច្ចព្រមព្រៀងឈប់បាញ់ដែលត្រូវបានចុះហត្ថលេខាកាលពីខែមករា។ ទន្ទឹមនឹងនេះ លោក Taher al-Nunu អ្នកនាំពាក្យក្រុមហាម៉ាស់ បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមនេះកំពុងវាយតម្លៃលើសំណើថ្មីពីអ្នកសម្រុះសម្រួលក្នុងគោលបំណងស្តារបទឈប់បាញ់ឡើងវិញ រួមទាំងសំណើរស្ពានពីបេសកជនសហរដ្ឋអាមេរិក Steve Witkoff ផងដែរ។