លោក Li Qiangចូលរួមពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៥នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិន ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ
ព្រឹកថ្ងៃទី២៣ ខែមីនា លោកLi Qiangនាយករដ្ឋមន្ត្រីចិនបានចូលរួមពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៥នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិននៅទីក្រុងប៉េកាំង ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។
លោក Li Qiang បានលើកឡើងថា សេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ននេះមានភាពបែកខ្ញែកកាន់តែខ្លាំងឡើងៗនិងមានកត្តាអស្ថិរភាពនិងមិនប្រាកដប្រជាកាន់តែច្រើន ដែលតម្រូវឱ្យប្រទេសនានាបើកចំហទីផ្សារ និងសហគ្រាសនានាចែករំលែកធនធាន ដើម្បីចាប់ដៃគ្នាឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈម ក៏ដូចជាសម្រេចបាននូវវិបុលភាពរួម។ ប្រទេសចិននឹងជំរុញយ៉ាងមុតមាំមិនងាករេនូវកិច្ចសហប្រតិបត្តិការបែបបើកទូលាយដោយឥតឈប់ឈរ ផ្តួចផ្តើមឱ្យធ្វើការប្រកួតប្រជែងដោយស្មើភាពតាមច្បាប់ទម្លាប់អន្តរជាតិ រក្សាភាពរលូននិងស្ថិរភាពនៃពាណិជ្ជកម្មសេរី ក៏ដូចជាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល បន្តបើកទូលាយ ដើម្បីស្វាគមន៍ក្រុមហ៊ុនមកពីជុំវិញពិភពលោក និងជួយក្រុមហ៊ុនវិនិយោគពីបរទេសឱ្យរួមបញ្ចូលយ៉ាងស៊ីជម្រៅជាមួយទីផ្សារចិន។ រំពឹងទុកថា សហគ្រិនទាំងឡាយនឹងធ្វើជាអ្នកគាំពារនិងជាអ្នកជំរុញដ៏រឹងមាំនៃការធ្វើសកលភាវូបនីយកម្ម រួមចិត្តរួមកម្លាំងគ្នាក្នុងការធ្វើកិច្ចសហប្រតិបត្តិការដោយស្មោះ ដើម្បីធ្វើពហិការចំពោះឯកតោភាគីនិយមនិងគាំពារនិយម ក្នុងន័យសម្រេចបាននូវការអភិវឌ្ឍកាន់តែខ្លាំងតាមរយៈការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក៕