អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សមាគមមិត្តដើម្បីមិត្ត បន្តគិតគូរថែមទៀតក្នុងការបង្កើនសមាជិកឱ្យបានច្រើន
ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកទឹកចិត្តដល់សមាគមមិត្តដើម្បីមិត្ត បន្តគិតគូរថែមទៀតក្នុងការបង្កើនសមាជិកឱ្យបានច្រើនឡើង និងបន្តធ្វើសកម្មភាពឱ្យកាន់តែសកម្មថែមទៀត ក្នុងការគៀងគរធនធានពីសប្បុរសជននានា។
ថ្លែងក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ក្នុងអាណត្តិទី៧ របស់សមាគមមិត្តដើម្បីមិត្ត ដែលបានរៀបចំឡើង នៅសាលាគរុកោសល្យ និងវិក្រិដ្ឋការខេត្តកណ្ដាល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន បានគាំទ្រចំពោះការកំណត់គោលដៅច្បាស់លាស់របស់សមាគមមិត្តដើម្បីមិត្ត ក្នុងចូលរួមពង្រឹងពង្រីកសាមគ្គីភាពដ៏ទូលំទូលាយ នៅក្នុងសង្គមជាតិដោយគ្មានការើសអើង និងចូលរួមលើកកម្ពស់ការថែរក្សាការពារសុខសន្តិភាព នៃប្រទេសជាតិដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់មនុស្សជាតិគ្រប់រូប ទាំងនេះគឺជាសកម្មភាពមួយដែលស្របទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងខិតខំថែរក្សាសន្តិភាពជូនប្រទេសជាតិរបស់យើង។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សុខសន្តិភាពគឺពិតជាសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ កាលពីអតីតកាលប្រទេសយើងបានបាត់បង់សន្តិភាព ដែលធ្វើឲ្យប្រទេសជាតិរបស់យើងមានការលំបាកយ៉ាងច្រើន ទាំងការអភិវឌ្ឍជាតិ ការសិក្សារៀនសូត្រ ទាំងការរស់នៅរបស់ប្រជាជន និងសកម្មភាពនានា។ កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសជាតិយើង ព្រោះប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់ លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាព របស់ប្រជាពលរដ្ឋបានល្អប្រសើរ ដូច្នេះសន្តិភាព គឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់សមាគម សូមបន្តការគិតគូរថែមទៀត ក្នុងការបង្កើនសមាជិកឱ្យបានច្រើនឡើង និងបន្តធ្វើសកម្មភាពឱ្យកាន់តែសកម្មថែមទៀត ក្នុងការគៀងគរធនធានពីសប្បុរសជននានា សម្រាប់គាំទ្រដល់កិច្ចការងារររបស់សមាគមន៍ ឱ្យមានដំណើរការបានរលូនជាបន្តទៅទៀត។
សូមបញ្ជាក់ថា សមាគមមិត្តដើម្បីមិត្ត បានកំណត់គោលដៅច្បាស់លាស់របស់ខ្លួន គឺចូលរួមពង្រឹងពង្រីកសាមគ្គីភាពដ៏ទូលំទូលាយ នៅក្នុងសង្គមជាតិដោយគ្មានការើសអើង និងចូលរួមលើកកម្ពស់ការថែរក្សាការពារសុខសន្តិភាព នៃប្រទេសជាតិ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់មនុស្សជាតិគ្រប់រូប ដោយចៀសវាងមិនធ្វើសកម្មភាពបម្រើផលប្រយោជន៍ឱ្យគណបក្សនយោបាយណាមួយឡើយ។
សមាគមមិត្តដើម្បីមិត្តបានចាប់បដិសន្ធិ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៦ តាមលិខិតអនុញ្ញាតរបស់ក្រសួងមហាផ្ទៃ លេខ ១២៩៥ សជណ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៥។ គិតមកទល់ឆ្នាំ ២០២៥នេះ សមាគមបានដំណើរការអស់រយៈពេល ២០ឆ្នាំកន្លងមកហើយ បានប្រារព្ធសន្និបាតប្រចាំឆ្នាំជារៀងរាល់ឆ្នាំ និងបានប្រារព្ធសន្និបាតប្រចាំអាណត្តិក្នុងរយៈពេល ៣ឆ្នាំម្តង។ បច្ចុប្បន្ននេះ សមាគមមានសមាជិកសរុបចំនួន ៥៣៥ នាក់ក្នុងនោះស្ត្រី ១០៧នាក់ អាយុក្រោម ៦០ឆ្នាំ ៥៦ភាគរយ និងអាយុលើសពី ៦០ឆ្នាំ ៤៤ភាគរយ។ ក្នុងចំណោមសមាជិកទាំង ៥៣៥នាក់មាន៖ មន្ត្រីចូលនិវត្តន៍ ២១១នាក់ មន្រ្តីរាជការកំពុងបំពេញការងារ ១៩៤នាក់ និងជាអាជីវករ-កីឡករ-តន្ត្រីករ ១៣០នាក់ ៕