បទវិភាគ៖តើជំនឿចិត្តរបស់ទុនបរទេសចំពោះទីផ្សារប្រើប្រាស់របស់ចិនមកពីណា?
“ជំនឿចិត្តរបស់អ្នកប្រើប្រាស់ចិនត្រូវបានលើកកម្ពស់យ៉ាងខ្លាំង ។”ពេលថ្មីៗកន្លងទៅនេះ សំដៅចំពោះនិន្នាការរស់រវើកនៃទីផ្សារប្រើប្រាស់ចិន ធនាគារ Deutsche របស់អាល្លឺម៉ង់ដែលជាធនាគារពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់បានវាយតម្លៃដូចពោលខាងលើនេះ។ តាមរបាយការណ៍ថ្មីបំផុតដែលធនាគារនេះបានចេញផ្សាយឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៥២ភាគរយមានឆន្ទៈបន្ថែមការចំណាយដែលអាចចាត់ចែងបានដោយសេរីដែលជាសមាមាត្រខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ។ ចំណុចនេះក៏ត្រូវបានបញ្ជាក់ក្នុងទិន្នន័យដែលរដ្ឋាភិបាលចិនបានប្រកាសនោះដែរ៖ពីខែមករាដល់ខែកុម្ភៈឆ្នាំនេះ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមចិនបានឡើងដល់ជាង៨.៣ទ្រីលានយាន់ប្រាក់ចិន ដែលមានកំណើនលើសពីការប៉ាន់ប្រមាណ ។
តើជំនឿចិត្តនេះបានមកពីណា? លោក Wang Xiaosong សាស្ត្រាចារ្យនៃវិទ្យាស្ថានសេដ្ឋកិច្ចនៃសកលវិទ្យាល័យប្រជាជនចិនបានថ្លែងថា មួយផ្នែក គឺមកពីសេដ្ឋកិច្ចចិនបានឆ្ពោះទៅរកភាពនឹងនរនិងល្អប្រសើរ ចាប់ពីឆ្នាំ២០២៤មក កម្រិតចំណូលរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ដែលបានផ្តល់មូលដ្ឋានគ្រឹះនៃចំណូលដល់កំណើននៃការប្រើប្រាស់ ។ មួយផ្នែកទៀត គឺបានទទួលផលប្រយោជន៍ពីការគាំទ្រខាងគោលនយោបាយមួយចំនួននៃរដ្ឋាភិបាលចិន ។ ពីការដាក់ចេញគោលនយោបាយជំរុញកំណើនមួយចំនួននៅខែកញ្ញាឆ្នាំ២០២៤ ដល់ការតម្កល់ទុកការជំរុញទីផ្សារប្រើប្រាស់ដោយពេញទំហឹងក្នុងឋានៈចម្បងនៃភារកិច្ចធំទាំង១០ក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ចិនឆ្នាំនេះ រហូតដល់ការបោះពុម្ពផ្សាយ《ផែនការប្រតិបត្តិពិសេសសម្រាប់ជំរុញការប្រើប្រាស់》នៅពេលថ្មីៗកន្លងទៅនេះ វិធានការទាំងនេះបានដើរតួនាទីជំរុញដ៏សំខាន់ក្នុងការពង្រីកទីផ្សារប្រើប្រាស់។
មានការធានាខាងគោលនយោបាយ ហើយការច្នៃប្រឌិតថ្មីបានផ្តល់កម្លាំងចលករ ។ ស្របពេលដែលចិនពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ទីផ្សារប្រើប្រាស់ក៏បានឆ្ពោះទៅរក “ភាពថ្មី”ជាបន្តបន្ទាប់ផងដែរ ។ លោក Ralf Brandstaetter ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានប្រតិបត្តិ(CEO)នៃក្រុមហ៊ុនរថយន្ត Volkswagen ប្រចាំនៅចិនបានថ្លែងថា ប៉ុន្មានឆ្នាំកន្លងទៅនេះ ដោយពឹងផ្អែកទៅលើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងស្រុកចិន ពួកគេបានពន្លឿនដោយគ្រប់ជ្រុងជ្រោយនូវការធ្វើបរិវត្តកម្មយុទ្ធសាស្ត្រដើរដោយកម្លាំងអគ្គិសនី ដើម្បីបោះជំហានទៅកាន់ដំណាក់កាលថ្មីនៃកំណើនជានិរន្តរភាព ។
អ្វីដែលកាន់តែសំខាន់ជាងទៀតគឺ ប្រទេសចិនមានប្រជាជនចំនួនជាង១ពាន់៤រយលាននាក់ ជាទីផ្សារធំបំផុតលើទូទាំងពិភពលោក ហើយក៏ជាប្រភពធនធានដ៏កម្រផងដែរ។តាមការព្យាករណ៍នៃក្រុមហ៊ុន McKinsey ឱ្យដឹងថា ដល់ឆ្នាំ២០៣០ អ្នកក្រុងចិននឹងជំរុញកំណើនប្រើប្រាស់ចំនួន៩១ភាគរយលើទូទាំងពិភពលោក ហើយទីក្រុងចំនួន៧០០របស់ចិននឹងរួមចំណែក៧ទ្រីលានដុល្លារអាមេរិកដល់កំណើនប្រើប្រាស់នៃទីក្រុងទូទាំងពិភពលោកដែលមានអត្រារួមចំណែក៣០ភាគរយ ។ ការប្រើប្រាស់ជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ទន្ទឹមនឹងរូបមន្តកំណើននៃសេដ្ឋកិច្ចចិនបានធ្វើបរិវត្តកម្មទៅរកការជំរុញដោយការប្រើប្រាស់ កំណើនសេដ្ឋកិច្ចពិភពលោកមុខជានឹងទទួលបានកម្លាំងចលករថ្មីជាមិនខាន ។
បច្ចុប្បន្ននេះ មានគម្រោងវិនិយោគដោយពាណិជ្ជករបរទេសដ៏សំខាន់មួយចំនួនត្រូវបានអនុវត្តនៅប្រទេសចិនជាបន្តបន្ទាប់ ដែលមានទំហំវិនិយោគតាមផែនការឡើងដល់៣ម៉ឺន៣ពាន់លានដុល្លារអាមេរិក ។ ចាប់ពីនិន្នាការវិនិយោគទាំងនេះមិនពិបាកឃើញទេថា ទីផ្សារប្រើប្រាស់របស់ចិនដ៏ធំទូលាយនេះ នៅតែជាទីផ្សារទាក់ទាញការវិនិយោគបរទេសដ៏ខ្លាំងបំផុតដដែល ៕