យន្តហោះចម្បាំងអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសនៅភាគខាងត្បូងតំបន់កាហ្សា បានសម្លាប់មេដឹកនាំនយោបាយជាន់ខ្ពស់របស់ក្រុមហាម៉ាស
ហ្គាហ្សា៖ នេះបើយោងតាមការបញ្ជាក់ពីក្រុមសកម្មប្រយុទ្ធ ខណៈមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសនៅភាគខាងត្បូងតំបន់កាហ្សា កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មេដឹកនាំនយោបាយជាន់ខ្ពស់របស់ក្រុមហាម៉ាស ឈ្មោះ សាឡា អាល់-បាដាវីល។
ចំនួនអ្នកស្លាប់សរុបក្នុងជម្លោះជិត ១៨ខែ បានហក់ឡើងលើសពី ៥០,០០០នាក់។អំពើហិង្សាបានផ្ទុះឡើងវិញយ៉ាងខ្លាំងនៅហ្គាហ្សា បន្ទាប់ពីបទឈប់បាញ់រយៈពេលពីរខែបានបញ្ចប់ទៅដោយបរាជ័យ។
អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការវាយប្រហារតាមអាកាស និងដីទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស កាលពីថ្ងៃអង្គារ។ សំឡេងផ្ទុះបានឮរំពងពាសពេញតំបន់ ដោយការវាយប្រហារកាន់តែខ្លាំងក្លានៅថ្ងៃអាទិត្យ បានបណ្តាលឱ្យមនុស្ស ៣០នាក់បន្ថែមទៀតស្លាប់នៅទីក្រុងរ៉ាហ្វា និងខាន់យូនីស រួមទាំងបុគ្គលិកក្រុងបីនាក់ផងដែរ។
ក្រុមហាម៉ាសបានបញ្ជាក់ថា លោក បាដាវីល ដែលជាសមាជិកនៃអង្គភាពសម្រេចចិត្តនយោបាយរបស់ក្រុម និងជាអតីតប្រធានប្រតិភូចរចាសន្តិភាពជាមួយអ៊ីស្រាអែល ស្ថិតក្នុងចំណោមអ្នកស្លាប់នៅក្នុងការវាយប្រហារលើទីក្រុងខាន់យូនីស។ ក្រុមនេះបានសន្យាថានឹងបន្តការតស៊ូដើម្បីរំដោះទឹកដី។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតានយ៉ាហ៊ូ បានប្រកាសជាញឹកញាប់ថា គោលដៅចម្បងនៃសង្គ្រាមគឺការបំផ្លាញក្រុមហាម៉ាសជាអង្គភាពយោធា និងគ្រប់គ្រង ហើយយុទ្ធនាការថ្មីនេះមានគោលបំណងបង្ខំឱ្យក្រុមនេះដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ ដែលត្រូវបានចាប់ខ្លួននៅក្នុងការវាយប្រហារលើអ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ២០២៣។
ក្រុមហាម៉ាសបានចោទអ៊ីស្រាអែលថា បានបំពានបទឈប់បាញ់ខែមករា ដោយបដិសេធមិនព្រមចរចាបញ្ចប់សង្គ្រាម និងដកទ័ពចេញពីហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ ក្រុមនេះបានអះអាងថា ខ្លួននៅតែបើកចំហចំពោះការចរចា និងកំពុងពិនិត្យលើសំណើសន្តិភាពពីបេសកជនពិសេសរបស់សហរដ្ឋអាមេរិក។ ក្រសួងសុខាភិបាលហ្គាហ្សាបានរាយការណ៍ថា ចំនួនអ្នកស្លាប់សរុបបានកើនដល់ ៥០,០២១នាក់ និងអ្នករងរបួស ១១៣,២៧៤នាក់ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមមក៕