តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងបានកាត់ក្ដីឱ្យបញ្ឈប់ការចោទប្រកាន់លើលោកនាយករដ្ឋមន្រ្តី ហាន ដុកសូ
សេអ៊ូល៖ តុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូងបានកាត់ក្ដីនៅថ្ងៃចន្ទទី២៤ ខែមីនា ឱ្យបញ្ឈប់ការចោទប្រកាន់លើលោកនាយករដ្ឋមន្រ្តី ហាន ដុកសូ និងស្តារអំណាចរបស់គាត់ឡើងវិញ ដែលជារបត់នយោបាយដ៏ចលាចលរបស់ប្រទេស។
លោក ហាន ត្រូវសមាជិកសភា កូរ៉េខាង ត្បូង បោះឆ្នោតដក ទំនុក ចិត្ត ពី ប្រធានាធិបតី ស្តីទីកាលពីចុងខែធ្នូឆ្នាំ២០២៤។
លោក ហាន បានចូលកាន់តំណែងជាមេដឹកនាំស្តីទីជំនួសលោកប្រធានាធិបតី យូន ស៊ុកយ៉ុល ដែលត្រូវបានចោទប្រកាន់ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីឆ្នាំមុន។
លោកនាយករដ្ឋមន្ត្រី ហាន បានចំណាយពេលជាប្រធានាធិបតី ស្តីទីក្នុងរយៈពេលតិចជាងពីរសប្តាហ៍ ហើយត្រូវបានចោទប្រកាន់ និងព្យួរពីតំណែងនៅថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៤ បន្ទាប់ពីសមាជិកសភា បោះឆ្នោតដក ទំនុក ចិត្ត ។ យ៉ាងណាមិញ នៅថ្ងៃទី២៤ ខែមីនា តុលាការ បានសម្រេចលុបចោល ការ ចោទ ប្រកាន់ប្រឆាំងលោក ហាន ក្នុងសំឡេង៧ ទល់ នឹង ១។
លោក ហាន អាយុ៧៥ ឆ្នាំបានបម្រើការក្នុងតំណែងជាអ្នកដឹកនាំអស់រយៈពេលជាង៣ ទសវត្សរ៍ក្រោមប្រធានាធិបតីប្រាំនាក់ ទាំងអភិរក្សនិយម និងសេរី។ គួរជម្រាបជូនថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ឆយ សាំងម៉ុក (Choi Sang-mok) បានកាន់តំណែងជាប្រធានាធិបតីស្តីទី ខណៈដែលសំណុំរឿងរបស់លោក យូន និងលោក ហាន កំពុងត្រូវបានពិចារណាដោយតុលាការធម្មនុញ្ញ។
សភាបានចោទប្រកាន់លោក ហាន ជុំវិញតួនាទីរបស់គាត់នៅក្នុងការប្រកាសច្បាប់អាជ្ញាសឹករបស់លោក យូន ក៏ដូចជាការបដិសេធរបស់គាត់ក្នុងការតែងតាំង ចៅក្រមថ្មី សម្រាប់ មកជំនួស ចៅក្រម តុលាការ ធម្មនុញ្ញ ចូល និវត្តន៍ចំនួន៣ រូប ។
លោក ហាន បានចូលរួមសវនាការតែមួយគត់ក្នុងសំណុំរឿងនេះកាលពីថ្ងៃទី១៩ ខែកុម្ភៈ ដោយលោកបានបដិសេធរាល់ការជាប់ពាក់ព័ន្ធក្នុងការប្រកាសច្បាប់អាជ្ញាសឹករបស់លោក យូន ហើយបានអំពាវនាវឱ្យតុលាការលុបចោលការចោទប្រកាន់នេះ។ គួររំឭកថា ច្បាប់អាជ្ញាសឹកដែលដាក់ដោយលោក យូន មានអាយុត្រឹមតែ៦ ម៉ោងប៉ុណ្ណោះ៕