ទេសរដ្ឋមន្ត្រី គន់ គីម កោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីដែលបំពេញមុខនាទី របស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តម្ចាស់ការ ចុះទៅដោះស្រាយបានភ្លាមៗ
ភ្នំពេញ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាន កោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីដែលបំពេញមុខនាទី របស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តម្ចាស់ការ ចុះទៅដោះស្រាយបានភ្លាមៗ។
បើតាមឯកឧត្តម ញ៉ែម សំអឿន ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តរតនគិរី បានលើកឡើងពី កិច្ចសហប្រតិបត្តិការ និងគាំទ្រទាំងផ្នែកបច្ចេកទេស និងជំនួយស្មារតីពីគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងដៃគូរអភិវឌ្ឍន៍ជាតិ អន្តរជាតិ ជាពិសេសក្រោម កិច្ចព្រមព្រៀងយុទ្ធសាស្ត្រ រវាងគណ ឧសាស្ត្រ រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសម្រេច នូវការបង្កើតផែនការត្រៀមបម្រុងទុកសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់មហន្តរាយផ្សេងៗដែល កើតឡើង ដោយអនុលោមតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ ដែលជាផែនទីបង្ហាញផ្លូវ ដើម្បីប្រើប្រាស់សម្រាប់ជំនួយដល់ដំណើរការក្នុងការ គ្រប់គ្រងប្រតិបត្តិការឆ្លើយតបគ្រោះអាសន្នឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ជាការកត់សម្គាល់ករណីគ្រោះធម្មជាតិនាឆ្នាំ២០២៤កន្លងមក មិនបង្កផលប៉ះពាល់ធ្ងន់ ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ អាយុ ជីវិតមនុស្ស សត្វឡើយ។
ក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីកត្តានានា ដែលបង្កឡើងដោយសារគ្រោះមហន្តរាយ ដែលមិនបណ្តែតបណ្តោយ ឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយសារតែកត្តាធម្មជាតិ ដោយគ្មានការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរនោះឡើយ ជាពិសេសសម្តេចតែងតែចាត់ឲ្យថ្នាក់ដឹកនាំនៅតាមបណ្តាលក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចុះត្រួតពិនិត្យដោយផ្ទាល់ ដើម្បីរកវិធីដោះស្រាយ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញឱ្យប្រើប្រាស់ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ សម្រាប់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រសួងស្ថាប័ន និងនៅថ្នាក់ក្រោមជាតិ សហការរួមគ្នាក្នុងការអនុវត្តដោយផ្តោតលើយុទ្ធសាស្ត្រអាទិភាពធំៗចំនួន៤ គឺ១. ការយល់ដឹងអំពីការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ, ២. ការពង្រឹងអភិបាលកិច្ច ដើម្បីគ្រប់គ្រងហានិភ័យគ្រោះ មហន្តរាយ, ៣. ការវិនិយោគទៅក្នុងការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយសម្រាប់ភាពធន់, ៤.ការបង្កើនការត្រៀមរៀបចំទៅនឹងគ្រោះមហន្តរាយ សម្រាប់ប្រសិទ្ធភាពនៃការឆ្លើយតបក្នុងការស្តារឡើងវិញ ការធ្វើឱ្យមានប្រក្រតីភាព និងការកសាងឡើងវិញ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី មន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ និងមន្ត្រីបង្គោលក្រុង ស្រុក ដែលបានបំពេញមុខនាទី របស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តម្ចាស់ការ ចុះទៅដោះស្រាយបានភ្លាមៗ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានផ្តល់នូវអនុសាស្រ្ត ជំរុញឲ្យថ្នាក់ក្រោមជាតិបន្តតាមដានព័ត៌មាននៅតាមតំបន់ងាយរងគ្រោះ ពិសេសតំបន់ប្រឈមការខ្វះទឹក និងខិតខំស្តារទំនប់ទឹក និងអាងទឹក ដើម្បីរក្សាទឹកទុកប្រើក្នុងរដូវប្រាំងនេះ ថ្នាក់ខេត្តត្រូវធ្វើការពង្រឹងទួលសុវត្ថិភាព ការកសាងភាពធន់ ទៅនិងគ្រោះមហន្តរាយ សំដៅកាត់បន្ថយបានហានិភ័យ៕