នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា លោក Mark Carney អំពាវនាវឱ្យមានការបោះឆ្នោតសកលមុនអាណត្តិ
អូតាវ៉ា៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោក Mark Carney នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា កាលពីថ្ងៃអាទិត្យ ទី២៣ ខែមីនា បានអំពាវនាវឱ្យមានការបោះឆ្នោតសកលមុនអាណត្តិដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៨ ខែមេសា ដោយនិយាយថារូបលោកត្រូវការអាណត្តិដ៏រឹងមាំមួយ ដើម្បីដោះស្រាយការគំរាមកំហែងបង្កឡើងដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលលោកចោទថាមានបំណងចង់បំបែកបំបាក់កាណាដា។
ការកត់សម្គាល់បែបនេះរបស់លោក Mark Carney បានបង្ហាញថាតើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកាណាដាដែលជាសម្ព័ន្ធមិត្ត និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់នឹងគ្នា ធ្លាក់ចុះដុនដាបខ្លាំងកម្រិតណា ចាប់តាំងពីលោក ដូណាល់ ត្រាំ ដំឡើងពន្ធលើកាណាដា និងគំរាមចង់ដាក់កាណាដាជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក។ នៅពេលឡើងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដា កាលពីថ្ងៃទី១៤ ខែមីនា លោក Carney បាននិយាយថាលោកអាចធ្វើការជាមួយ និងគោរពដល់លោក ត្រាំ។
ក៏ប៉ុន្តែ លោក Carney បានត្រឡប់ទៅប្រកាន់ជំហរតឹងរ៉ឹង ដោយប្រាប់ក្រុមអ្នកសារព័ត៌មានថាកាណាដាកំពុងប្រឈមមុខនឹងវិបត្តិដ៏ធំមួយដោយសារតែសកម្មភាពពាណិជ្ជកម្មដ៏អយុត្តិធម៌របស់លោក ត្រាំ និងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិករូបនេះចំពោះអធិបតេយ្យរបស់កាណាដា។ «ចម្លើយតបរបស់យើង នោះគឺការកសាងសេដ្ឋកិច្ចឱ្យរឹងមាំ និងធ្វើឱ្យកាណាដាកាន់តែមានសុវត្ថិភាព»។ នេះជា ការគូសបញ្ជាក់របស់លោក Carney ដោយបន្ថែមថាលោក ត្រាំ បានអះអាងថាកាណាដាមិនមែនជាប្រទេសមួយពិតប្រាកដនោះទេ ហើយថាលោកចង់បំបែកបំបាក់កាណាដា ដើម្បីអាចគ្រប់គ្រងកាណាដា។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៦ ខែមីនា បានពន្យារពេលការអនុវត្តការយកពន្ធគយ ២៥ភាគរយ លើមុខទំនិញមួយចំនួននាំចូលពីកាណាដារយៈពេល៣០ថ្ងៃ។ តែលោក ត្រាំ បានដំឡើងពន្ធគយ លើដែកថែប និងអាលុយមីញ៉ូម ហើយថែមទាំងគំរាមទៀតផងថាអាចនឹងដំឡើងពន្ធលើមុខទំនិញបន្ថែមទៀតដែលនាំចូលពីកាណាដា។ ការបោះឆ្នោតសកលនៅកាណាដា ដំបូងឡើយត្រូវគ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥៕