ក្រសួងបរិស្ថាន ពន្លឿនការដាក់ចេញ ការរៀបចំតំបន់ទេទឹកពុះជាអាទិភាព ស្របតាមអនុសាសន៍សម្តេចធិបតី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកោះអញ្ជើញក្រុមការងារពាក់ព័ន្ធរបស់ក្រសួងបរិស្ថាន ដើម្បីរៀបចំតំបន់ទេទឹកពុះ សមស្របតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងអភិវឌ្ឍតំបន់ទេទឹកពុះឱ្យក្លាយជាតំបន់ការពារធម្មជាតិ និងជារបៀងទេសចរណ៍ធម្មជាតិ សម្រាប់បម្រើផលប្រយោជន៍ដល់ប្រជាសហគមន៍ និងសាធារណៈជន ធានាបាននូវការអភិវឌ្ឍដោយចីរភាព។
ជាមួយគ្នានេះ ការងារអាទិភាពសំខាន់ៗចំនួន ៣ ចំណុច ដែលរដ្ឋមន្រ្តីក្រសួងបរិស្ថានបានដាក់ចេញ ដើម្បីពន្លឿនការងាររៀបចំតំបន់ទេទឹកពុះ ដែលក្នុងនោះរួមមាន៖ ទី១. រៀបចំក្រុមការងារចុះត្រួតពិនិត្យ និងសិក្សាជាបន្ទាន់ ដើម្បីសម្រេចបានលទ្ធផលនៅក្នុងសប្តាហ៍នេះ, ទី២. រៀបចំកន្លែងលក់ដូរជូនប្រជាសហគមន៍ ដោយចុះស្រង់ស្ថិតិអ្នកលក់ដូរជុំវិញតំបន់ទេទឹកពុះ ដើម្បីរៀបចំកន្លែងលក់ប្រកបដោយអនាម័យ និងសោភ័ណភាពស្អាត និងទី៣. ពិនិត្យ និងដោះស្រាយ កំណត់ប្លង់រៀបចំទីតាំងទេទឹកពុះ ដើម្បីធានាថា ទេទឹកពុះ ជាសម្បត្តិរដ្ឋ សម្រាប់បម្រើឱ្យប្រយោជន៍សាធារណៈជន និងជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ៕