មនុស្ស១២ នាក់បានបាត់បង់ជីវិត និង៤ នាក់ផ្សេងទៀតបានរងរបួសនៅភាគខាងជើងប្រទេសម៉ិកស៊ិក បន្ទាប់ពីរថយន្តមួយគ្រឿងបានធ្លាក់ចូលទៅក្នុងជ្រោះ ហើយបានផ្ទុះឆេះ
ម៉ិកស៊ិក៖ មនុស្ស១២ នាក់បានបាត់បង់ជីវិត និង៤ នាក់ផ្សេងទៀតបានរងរបួសនៅភាគខាងជើងប្រទេសម៉ិកស៊ិក កាលពីថ្ងៃអាទិត្យទី២៣ ខែមីនា បន្ទាប់ពីរថយន្តមួយគ្រឿងបានធ្លាក់ចូលទៅក្នុងជ្រោះ ហើយបានផ្ទុះបង្កជាអណ្តាតភ្លើងឆេះឆាបព្រៃជុំវិញនោះ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅភាគខាងជើងរដ្ឋ Nuevo Leon ដែលមានព្រំប្រទល់ជាប់សហរដ្ឋអាម៉េរិក។ អភិបាលក្រុងសានទីអាហ្គោ លោក ដាវីដ ដឺឡាផេណា (David de la Pena) បានអះអាងនៅក្នុងសារវីដេអូខ្លីមួយថា ឧបទ្ទវហេតុនេះទំនងជាបណ្តាលមកពីបញ្ហាមេកានិចនៅក្នុងរថយន្ត។
អាជ្ញាធររដ្ឋបានលើកឡើងថា រថយន្តដែលដឹកមនុស្ស១៦នាក់ បានធ្លាក់ចូលទៅក្នុងរណ្តៅជ្រោះជម្រៅជិត១២០ម៉ែត្រ។ ជនរងគ្រោះខ្លះ បាន ស្លាប់ នៅ នឹងកន្លែង កើត ហេតុ ខ្លះ ទៀត ស្លាប់កំលុងពេលគេបញ្ជូន បាន គេ ដឹកទៅ កាន់មន្ទីរ ពេទ្យ។
គួរជម្រាបថា ឧប្បត្តិហេតុនេះ មិនត្រឹមតែសម្លាប់មនុស្សទេ ប៉ុន្តែក៏បានបង្កជាភ្លើងឆេះព្រៃ និងបានរីករាលដាលយ៉ាងឆាប់រហ័សផងដែរ ខណៈឧទ្ធម្ភាគចក្រកំពុងព្យាយាមពន្លត់ភ្លើងដែលកំពុងតែឆាបឆេះប្រហែល ពីរ ហិកតា៕