ឯកឧត្តម ហែម វណ្ណឌី៖ ការចុះបញ្ជីក្នុងប្រព័ន្ធសន្ដិសុខសង្គម គឺជាយន្តការដ៏សំខាន់ ក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦”។
ផែនការប្រតិបត្តិនេះគឺជាជំហានថ្មីមួយទៀតនៃកិច្ចខិតខំរបស់ក្រុមប្រឹក្សា ជាតិ គាំពារសង្គម ក្នុងការរៀបចំយន្ដការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចបានកំណត់ក្នុង យុទ្ធសាស្រ្ដជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨។
ថ្លែងក្នុងសុន្ទរកបើក ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធគាំពារសង្គម គឺជាមូលដ្ឋាន គ្រឹះដ៏ រឹងមាំដែលមានភាពប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមកក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសុខុមាលភាពពលរដ្ឋគ្រប់រូប។” រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់ លើ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ភាពធន់ និងការប្រកួតប្រជែងលើទីផ្សារ ជាពិសេស ចំពោះសុខុមាលភាព ភាពធន់នឹងវិបត្តិ និងយន្តការគាំទ្រដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានរំលេចអំពីសកម្មភាពចម្បងមួយចំនួន របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម រួមមានការផ្តល់ការគាំពារ ការលើកកម្ពស់សមត្ថភាព និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ (វិធានការគន្លឹះទី៣ និង ៤)។
ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា ” ការចុះបញ្ជីក្នុងប្រព័ន្ធសន្ដិសុខសង្គម គឺជាយន្តការដ៏សំខាន់ ក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេស ការគិតគូរអំពីលទ្ធភាព របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះ លើថ្នាលឌីជីថល ក្នុងការចុះបញ្ជី និងបង់ភាគទានឱ្យបេឡាជាតិសន្ដិសុខសង្គម។”
គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នេះ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានសំណើចំនួន ៣៦.៨២៤ ក្នុងនោះសំណើចុះឈ្មោះជាកម្មករ-និយោជិតចំនួន ១.៩៤៩ សហគ្រាសធុនមីក្រូចំនួន ១.២២៦ និង បុគ្គលស្វ័យនិយោជន៍ចំនួន ៣៣.៦៤៩ សំណើ។
ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គមនេះ ត្រូវបានរំពឹងថានឹងក្លាយជាកាតាលីករចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកម្មករ-និយោជិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចុះបញ្ជី ក្នុងប្រព័ន្ធសន្ដិសុខសង្គមឱ្យបានជាអតិបរមា ដើម្បីទទួលបានអត្ថប្រយោជន៍ពីរបបសន្ដិសុខសង្គម ជាពិសេស របបថែទាំ សុខភាព ស្របតាមស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់”៕