វិមានក្រឹមឡាំង៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានជជែកពិភាក្សាគ្នាតាមរយៈការហៅទូរសព្ទច្រើនលើកជាងទិន្នន័យដែលបានប្រកាសជាសាធារណៈក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ
ម៉ូស្គូ៖ វិមានក្រឹមឡាំង បានប្រកាសឱ្យដឹងកាលពីថ្ងៃអាទិត្យទី២៣ ខែមីនាថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានជជែកពិភាក្សាគ្នាតាមរយៈការហៅទូរសព្ទច្រើនលើកជាងទិន្នន័យដែលបានប្រកាសជាសាធារណៈក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
លោក ត្រាំ បាននិយាយម្ដងហើយម្ដងទៀតថា លោកចង់បញ្ចប់ជម្លោះរយៈពេលបីឆ្នាំនៅអ៊ុយក្រែន ហើយបានព្រមានអំពីហានិភ័យដែលសង្គ្រាមនៅអឺរ៉ុបខាងកើតនេះអាចរីករាលដាលទៅជាសង្រ្គាមពិភពលោករវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ី។ រហូតមកដល់ពេលនេះមានការហៅទូរសព្ទចំនួនពីរលើករវាងលោក ពូទីន និងលោក ត្រាំ នៅឆ្នាំនេះដែលត្រូវបានប្រកាសជាសាធា រណៈ ប៉ុន្តែមានការសង្ស័យថាមេដឹកនាំទាំងពីរទាក់ទងគ្នាច្រើនដងជាងនេះ ហើយក៏មានរបាយការណ៍ថា បុរសខ្លាំងទាំងពីរបានជជែកពិភាក្សាមុនពេលដែលលោក ត្រាំ ជាប់ឆ្នោតកាលពីឆ្នាំមុនផងដែរ។
នៅពេលដែលត្រូវបានសួរដោយអ្នកព័ត៌មាន អំពីការកត់សម្គាល់របស់លោក ត្រាំ ដែលបង្ហាញថាប្រហែលជាមានការហៅទូរសព្ទលើសពីពីរដង អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បាននិយាយថា ព័ត៌មានទាក់ទងនឹងការសន្ទនាតាមទូរសព្ទដែលគាត់ដឹង ត្រូវបានចេញផ្សាយ ប៉ុន្តែថាលោកមិនអាចអារកាត់លើលទ្ធភាពនៃការពិភាក្សាផ្សេងទៀតរបស់មេដឹកនាំទាំងពីរបានទេ។
លោក ប៉េស្កូវ បានបញ្ជាក់ថា លោក ពូទីន និងលោក ត្រាំ អាចនឹងមានការហៅទូរស័ព្ទមួយទៀត ប្រសិនបើអ៊ុយក្រែននៅតែបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី។
បើតាមលោក ប៉េស្កូវ ការហៅទូរស័ព្ទចុងក្រោយបង្អស់រវាងលោក ត្រាំ និងលោក ពូទីន គឺជាជំហានឆ្ពោះទៅរកការជួបគ្នាទល់មុខតែម្តង ដោយបន្ថែមថា កិច្ចពិភាក្សានៅទីក្រុងរីយ៉ាដរវាងរុស្ស៊ី-អាមេរិក ដែលគ្រោងធ្វើនៅថ្ងៃចន្ទ ក៏នឹងត្រួសត្រាយផ្លូវសម្រាបជំនួបផ្ទាល់ផងដែរ។
មែនទែនទៅ ទំនាក់ទំនងដ៏ល្អូកល្អឺនរវាងលោក ត្រាំ និងលោក ពូទីន បានធ្វើឱ្យមេដឹកនាំអឺរ៉ុបភ័យខ្លាចថា សហរដ្ឋអាម៉េរិកអាចនឹងបែរខ្នងដាក់អឺរ៉ុប ហើយឈានកិច្ចព្រមព្រៀងសន្តិភាពជាមួយយក្សនុយក្លេអ៊ែររុស្ស៊ី ដែលជាផ្នែកមួយនៃការចរចាដ៏ធំដែលគ្របដណ្ដប់លើតម្លៃប្រេង វិបត្តិចាក់ស្រេះនៅមជ្ឈិមបូព៌ា និងការប្រកួតប្រជែងជាមួយប្រទេសចិន។
គួររំឭកថា លើកចុងក្រោយដែលមេដឹកនាំនៃប្រទេសមហាអំណាចប្រដាប់ដោយអាវុធប្រល័យលោកទាំង២ ជជែកពិភាក្សាគ្នា គឺនៅខែកុម្ភៈឆ្នាំ២០២២ មុនពេលមេដឹកនាំរុស្ស៊ីបានបញ្ជាឱ្យទាហានរាប់ម៉ឺននាក់ចូលទៅទន្ទ្រានលុកលុយអ៊ុយក្រែន ដោយកាលនោះលោក ចូ បៃឌិន ជាប្រធាធិបតីសហរដ្ឋអាម៉េរិក៕