ករណីឆបោកប្រាក់តាមរយៈធនាគារ ឬ QR Code ហាក់បានកើតឡើងជាញឹកញាប់ក្នុងរយៈពេលចុងក្រោយនេះ
ភ្នំពេញ៖ ករណីឆបោកប្រាក់តាមរយៈធនាគារ ឬ QR Code ហាក់បានកើតឡើងជាញឹកញាប់ក្នុងរយៈពេលចុងក្រោយនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបង្ហោះសារនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ដើម្បីអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងប្រាប់វិធីសាស្ដ្រមួយចំនួនដើម្បីការពារ។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានរៀបរាប់ថា ក្នុងពេលបច្ចុប្បន្ន បច្ចេកវិទ្យាឌីជីថលកំពុងជឿនលឿន ហើយដើរតួយ៉ាងសំខាន់ក្នុងការបម្រើផលប្រយោជន៍ស្ទើរតែគ្រប់វិស័យ ប៉ុន្តែការជឿនលឿននេះក៏ជាឱកាសមួយអាចឱ្យក្រុមឧក្រិដ្ឋជន ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីលួចបន្លំ ឆបោកប្រាក់ និងលួចកាន់កាប់គណនីអនឡាញរបស់បុគ្គណាម្នាក់ដែរ។
មួយវិញទៀត អគ្គនាយកដ្ឋានបាន ឱ្យដឹងថា ក្នុងពេលថ្មីៗនេះ ក៏មានក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាបានលួចបន្លំប្រើប្រាស់រូបភាព និងនិមិត្តសញ្ញា (logo) ជាភ្នាក់ងារសេវាសុខភាពសាធារណៈ ដើម្បីលួងលោម និងអូសទាញប្រជាពលរដ្ឋឱ្យទូទាត់សេវាបង់ប្រាក់តាមរយៈ QRCode ឬលេខគណនីរបស់ខ្លួនសម្រាប់ចំណាយលើសេវាណាមួយដូចគ្នា។
ដោយមើលឃើញបញ្ហាទាំងអស់នេះនៅតែបន្តកើតមាន អគ្គនាយកដ្ឋានបានផ្តល់នូវវិធីសាស្ដ្រការពារខ្លួនមួយចំនួនដើម្បី ឱ្យពលរដ្ឋអនុវត្ត រួមមាន៖ ១. ត្រូវត្រួតពិនិត្យឈ្មោះ និងលេខគណនីធនាគារភ្ញាក់ងារបម្រើសេវា មុននឹងទូទាត់ប្រាក់ ២. ទាក់ទងតាមរយៈទូរសព្ទដៃ (hotline) សួរបញ្ជាក់ជាមួយក្រុមការងារបច្ចេកទេសរបស់គ្រឹះស្ថានឯកជន ឬស្ថាប័នរដ្ឋនោះ ក្នុងករណីមានការសង្ស័យ ហើយក៏ត្រូវរាយការណ៍ទៅសមត្ថកិច្ចប្រសិនមានអ្នកឆបោក។ ស្ថាប័នជំនាញមួយនេះ ក៏ស្នើឱ្យពលរដ្ឋណែនាំបន្តទៅសមាជិកគ្រួសារ និងបង្កើនការប្រុងប្រយ័ត្នដោយខ្លួនឯងផ្ទាល់៕