ឯកឧត្តម ផាន អូន បើកវគ្គបណ្ដុះបណ្ដាលជូនដល់សិក្ខាកាមដែលជាមន្រ្តីរាជការក្រោមឱវាទប្រមាណ ៩០នាក់ (វគ្គទី១) លើច្បាប់ស្ដីពី «ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា»
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំវគ្គបណ្ដុះបណ្ដាលជូនដល់សិក្ខាកាមដែលជាមន្រ្តីរាជការក្រោមឱវាទប្រមាណ ៩០នាក់ (វគ្គទី១) លើច្បាប់ស្ដីពី «ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាគ្រូបង្គោលគិត្តិយសសម្រាប់វគ្គបណ្ដុះបណ្ដាលនេះផងដែរ។
សូមបញ្ជាក់ថា គោលបំណងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺផ្អែកលើការធ្វើស្ទាបស្ទង់មតិរបស់មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម អំពីតម្រូវការនៃការបណ្ដុះបណ្ដាលជំនាញច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ធ្វើយ៉ាងណាឱ្យការអនុវត្តច្បាប់របស់មន្រ្តីជំនាញកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ ៕