អភិបាលខេត្តកំពង់ធំ ហាមដាច់ខាត មិនអនុញ្ញាតឱ្យជនខិលខូចណាមួយ អាចទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់បី មកធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះឡើយ
ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានហាមដាច់ខាត មិនអនុញ្ញាតឱ្យជនខិលខូចណាមួយ អាចទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់បី មកធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះឡើយ។
ប្រសាសន៍នេះត្រូវបានឯកឧត្តមអភិបាលខេត្ត លើកឡើងនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម និងក្រុមការងារថ្នាក់ខេត្ត/ស្រុក ព្រមទាំងកម្លាំងជំនាញ បានចុះពិនិត្យទីតាំងដីដែលជនខិលខូច ធ្វើស្រែប្រាំង មានប្រហែល២.០០០ហិចតា ដែលស្ថិតនៅដីព្រៃលិចទឹក នៅចំណុចអាខ្វក់តូច និងអាខ្វក់ធំ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលអាស្រ័យផលធ្វើស្រែប្រាំងនៅដីតំបន់បី ដែលបានឆ្វៀលហើយសូមរក្សាឱ្យបានល្អ ហាមជាដាច់ខាតមិនឱ្យបន្តការទន្ទ្រានយកដីរបស់រដ្ឋទៀតឡើយ។ ជាក់ស្ដែងប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឃើញសកម្មភាពដែលជនខិលខូចកំពុងតែធ្វើសកម្មភាព អ្វីមួយនៅលើដីតំបន់បីដែលជាដីរបស់រដ្ឋ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ឱ្យបានទាន់ពេលវេលា៕