មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន
ភ្នំពេញ៖ កាលពីថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី ប៉ឹង កល្យាណ, លោកស្រី ណុប ចាន់លក្ខិណា និងលោកស្រី រាជ្យ ច័ន្ទថេង បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងមរតក បានដោយជោគជ័យ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតនៅស្រុកបាទី ខេត្តតាកែវ។
សំណុំរឿងវិវាទពាក់ព័ន្ធនឹងមរតកនេះ ធ្លាប់បានធ្វើការប្តឹងផ្តល់គ្នា តាំងពីថ្នាក់មូលដ្ឋាន ទៅសាលាដំបូង ឈានដល់សាលាឧទ្ធរណ៍ រហូតដល់សុំការអន្តរាគមន៍ពីក្រសួងយុត្តិធម៌។ បន្ទាប់មក នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ក្រសួងយុត្តិធម៌ បានសម្រេចផ្ទេរសំណុំរឿងមក អ.ដ.ក. ដើម្បីធ្វើការសម្រុះសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធី។
ដោយមានការស្នើសុំពីគូភាគី និងដោយទទួលបានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ, មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងបានប្រើប្រាស់ទីតាំងនៅក្នុងសាលាស្រុក ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។
សូមគូសបញ្ជាក់ថា ផ្អែកតាមបទប្បញ្ញត្តិរបស់ អ.ដ.ក. មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ឬក្រុមការងារសម្រុះសម្រួលដោះស្រាយវិវាទ មានសិទ្ធិស្នើសុំកិច្ចសហការពីស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយសំណុំរឿងវិវាទនៅក្នុងក្របខ័ណ្ឌ អ.ដ.ក.៕