សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត។
ខាងក្រោមនេះ ជាសំណេរទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន៖
«ពេលនេះ ខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់។ បើទោះជាឆ្លងផុតដំណាក់ការគ្រោះថ្នាក់មកដល់សុវត្តិភាពហើយក៏ដោយ តែក្នុងឋានៈជាស្វាមីនៅតែមានកង្វល់ ព្រោះមិនអាចនៅកំដរ និងមើលថែទាំភរិយាបាន។
រឿងធ្ងន់ជាងនេះ គឺបងប្រុសទីមួយមិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។ ក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺ
ចាប់ដែលមិនអាចជៀសវាងបាននេះរួចហើយ។
ម្ខាងភរិយា ម្ខាងបងប្រុស ក្នុងពេលតែមួយ និងនៅកន្លែងខុសគ្នា។ ភរិយាខ្ញុំជំរុញឲ្យខ្ញុំប្រញាប់ទៅមើលបងប្រុស និងក្នុងករណីបងប្រុសចែកឋានក្នុងពេលឆាប់គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយ។
រឿងចម្លែក សូមជួយមើលរូបថតបងប្រុសខ្ញុំដែលរូបថតតែមួយសន្លឹកតែពេលថតចូលក្នុងទូរសព្វ័មានរូបប្លែកពីគ្នានៅត្រង់រូបមួយសន្លឹកមានទឹកភ្នែកដូចជាយំ ហាក់បង្ហាញនូវការមិនអស់ចិត្ត ឬនៅអាឡោះអាល័យអ្វីមួយ។ ពេលនេះទោះចង់សួរគាត់ក៏សួរមិនបានដែរ ព្រោះគាត់សន្លប់មិនដឹងខ្លួន២៤ម៉ោងរួចមកហើយ។ មិនដឹងថាអ្នកវិទ្យាសាស្ត្របកស្រាយរបៀបណា?និងអ្នកអបីយជំនឿបកស្រាយរបៀបណា?»៕