មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត
វ៉ាស៊ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ ២០២៥ មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយផ្តោតជាពិសេសលើកិច្ចព្រមព្រៀងឈប់បាញ់ដាច់ដោយឡែកមួយនៅសមុទ្រខ្មៅ។
ជំនួបនេះធ្វើឡើង ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្កើនការប្រឹងប្រែងបញ្ចប់ជម្លោះរយៈពេលបីឆ្នាំនេះ បន្ទាប់ពីលោកបាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន និងរុស្ស៊ីកាលពីសប្តាហ៍មុន។
សេតវិមានបានបញ្ជាក់ថា គោលបំណងនៃកិច្ចពិភាក្សានេះគឺដើម្បីសម្រេចបានបទឈប់បាញ់ដែនសមុទ្រនៅសមុទ្រខ្មៅ ដែលនឹងអនុញ្ញាតឱ្យមានលំហូរដឹកជញ្ជូនដោយសេរី ទោះបីជាតំបន់នេះមិនមែនជាចំណុចកណ្តាល នៃប្រតិបត្តិការយោធាខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក៏ដោយ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានថ្លែងថា «បញ្ហាចម្បងគឺសុវត្ថិភាពនៃការធ្វើនាវាចរណ៍» ដោយកត់សម្គាល់ថា កិច្ចព្រមព្រៀងមុនស្តីពីការដឹកជញ្ជូនសមុទ្រខ្មៅ ដែលត្រូវបានសម្របសម្រួលនៅឆ្នាំ២០២២ បានបរាជ័យក្នុងការផ្តល់នូវអ្វីដែលបានសន្យាជាមួយទីក្រុងម៉ូស្គូ។
គួរបញ្ជាក់ថា កិច្ចចរចារខាងលើនេះ មាន ការ ចូលរួម ពី តំណាង ជាន់ខ្ពស់ មក ពី ស្ថាប័ន សំខាន់ៗ របស់ ប្រទេស ទាំងពីរ។ ភាគី អាមេរិក រួម មាន មន្ត្រី ក្រុមប្រឹក្សា សន្តិសុខ ជាតិ និង ក្រសួងការបរទេស ចំណែក ភាគី រុស្ស៊ី មាន អ្នកការទូត ជើងចាស់ និង មន្ត្រី សន្តិសុខ ជាន់ខ្ពស់។ ទោះបី មាន សញ្ញា វិជ្ជមាន ខ្លះ ក្នុង ការ ពិភាក្សា លើ បញ្ហា រសើប នានា ក៏ ដោយ ក៏ ជំហរ ខុសគ្នា ខ្លាំង នៅ តែ មាន ដដែល ជាពិសេស ទាក់ទង នឹង ការ ទាមទារ របស់ លោក ពូទីន ឲ្យ អ៊ុយក្រែន បោះបង់ ចោល មហិច្ឆតា ចូល ណាតូ និង ដកទ័ព ចេញពី តំបន់ ដែល រុស្ស៊ី គ្រប់គ្រង៕