បណ្ឌិត កៅ ថាច លើកទឹកចិត្តឲ្យកសិករជំរុញការចិញ្ចឹមត្រីក្នុងស្រុក និងច្នៃប្រឌិតបង្កាត់ពូជត្រីដោយខ្លួនឯងឲ្យបានច្រើន ដើម្បីឈានដល់ការកាត់បន្ថយការនាំចូលពីប្រទេសជិតខាង
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបណ្តុំកសិករអ្នកចិញ្ចឹមត្រី និងប្រមូលទិញត្រី ចំនួន១៥នាក់ ស្ថិតនៅឃុំកំពង់អុស ស្រុកពញ្ញាឭ ខេត្តកណ្តាល។
នៅក្នុងឱកាសចុះពិនិត្យមើលរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច នៅក្នុងកសិដ្ឋាន លោក សុវណ្ណ រុងរឿងគឺ កសិដ្ឋាននេះ មាន ការចិញ្ចឹមត្រីរ៉ស់ថ្មី ត្រីពោ និងត្រីប្រា ហើយអ្វីដែលជាការកត់សម្គាល់កសិដ្ឋានមួយនេះមិនត្រឹមតែចិញ្ចឹមត្រីផ្គត់ផ្គង់ទីផ្សារប៉ុណ្ណោះទេ ថែមទាំងមានការច្នៃប្រឌិតថ្មី អាចភ្ញាស់ត្រីរ៉ស់ ផលិតចៃទឹក សម្រាប់ចំណីកូនត្រីថែមទៀត។
បន្ទាប់ពីបានអញ្ជើញចុះមើលទីតាំងចិញ្ចឹមនិងភ្ញាស់រួចមក ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខផ្ទាល់ដល់កសិករ ដែលប្រកបរបរចិញ្ចឹមត្រី និងក្រុមហ៊ុនផលិតចំណីត្រី ពូជត្រី ថែមទៀត។
ជាមួយគ្នានោះដែរ ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រារដ្ឋាភិបាល ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានលើកទឹកចិត្តឲ្យកសិករជំរុញការចិញ្ចឹមត្រីក្នុងស្រុក និងច្នៃប្រឌិតបង្កាត់ពូជត្រីដោយខ្លួនឯងឲ្យបានច្រើន ដើម្បីឈានដល់ការកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានផ្សព្វផ្សាយផងដែរ ពីតម្រូវការឥណទានរបស់ធនាគារ ARDB ដល់កសិករទូទៅ ដែលមានបំណងចង់យកទៅពង្រីកមុខរបរនិងមានតម្រូវការលើការចិញ្ចឹមត្រី និងសត្វ អាចទាក់ទងមកបាន ដែលមានអាត្រាការប្រាក់អនុគ្រោះផងដែរ ៕