អភិបាលខេត្តកំពង់ចាម៖ វប្បធម៌ ជាស្ពានចម្លងកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកម្ពុជា
ភ្នំពេញ៖ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងក្នុងពិធី អបអរសាទរ “ទិវាវប្បធម៌ជាតិ ៣មីនា លេីកទី២៧ ឆ្នាំ២០២៥” ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្រោមវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលសន្និសីទសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន ប្រមាណជិត១.០០០នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារ និងបង្ក្រាបរាល់បទល្មើស ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព នៅតាមទីតាំងតំបន់ប្រាសាទ រមណីយដ្ឋានប្រវត្តិសាស្ត្រ ទីវត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ដែលមាន អាយុកាលរាប់រយឆ្នាំនៅតាមមូលដ្ឋាននានា។
ឯកឧត្តមអភិបាលខេត្ត ស្នើដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបន្តការងារអភិរក្សបេតិកភណ្ឌ វប្បធម៌អរូបីទាំងឡាយរបស់ជាតិ ដែលបានបាត់បង់ និងត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីយក មកបង្ហាត់បង្ហាញផ្ទេរចំណេះដឹងឱ្យយុវជនបន្តវេនជំនាន់ក្រោយ។ ពោលគឺត្រូវបន្តធ្វើការ ផ្សព្វផ្សាយនូវសក្តានុពល ទេសចរណ៍វប្បធម៌ជាតិ ដើម្បីលើកតម្លៃវប្បធម៌ជាតិ រួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា ការប្រារព្ធទិវាវប្បធម៌ជាតិនេះ គឺជាការជំរុញ និងផ្សព្វផ្សាយ ក៏ដូចជាការក្រើនរម្លឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាងស្នងឬស្សី ដើម្បីបំផុសចលនារៀបចំប្រកួតប្រជែងនានា ដោយផ្តោតលើប្រធានបទ «យុវជនដើម្បី វប្បធម៌ជាតិ» និងបង្កើតព្រឹត្តិការណ៍វប្បធម៌ផ្ទាល់ខ្លួននានា ឬតាមរយៈបណ្តាញសង្គម ដើម្បីទាក់ទាញ ពួកគេឱ្យក្លាយជាអ្នកស្រលាញ់វប្បធម៌ ៕