លោក ត្រាំ បំប៉ោងមហិច្ឆតាម្ដងហើយម្ដងទៀតថា អាម៉េរិកគួរតែកាន់កាប់ហ្គ្រោអង់ឡង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទទី២៤មីនា បានបំប៉ោងមហិច្ឆតាម្ដងហើយម្ដងទៀតថា សហរដ្ឋអាម៉េរិកគួរតែកាន់កាប់ហ្គ្រោអង់ឡង់ ខណៈមេដឹកនាំមកពីដែនដីពាក់កណ្តាលស្វយ័តដាណឺម៉ាក បានរិះគន់យ៉ាងគំហុកលើគម្រោងការនៃដំណើរទៅកាន់ដែនដីទឹកកកក្នុងសប្តាហ៍នេះ ដោយគណៈប្រតិភូជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិក។
ដំណើរទស្សនកិច្ចរបស់មន្ត្រីសហរដ្ឋអាម៉េរិក នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ទី២៧ ខែមីនា ដល់ថ្ងៃសៅរ៍ទី២៩ ខែមីនា ខណៈដំណើរទស្សនកិច្ចនេះ នឹងត្រូវបានដឹកនាំដោយ អនុប្រធានាធិបតីអាម៉េរិក លោក ជេឌី វ៉ាន់ និងភរិយា ព្រមទាំងរួមបញ្ចូលទាំងទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន លោក ម៉ាយ វ៉ាល់ស៍ (Mike Waltz) និងរដ្ឋមន្ត្រីក្រសួងថាមពល លោក គ្រីស រ៉ាយត៍ (Chris Wright) ផងដែរ។
លោក ត្រាំ បានអះអាងថា រដ្ឋបាលរបស់លោកកំពុងធ្វើការជាមួយប្រជាជននៅហ្គ្រោអង់ឡង់។ លោក ត្រាំ បានបន្តថា៖ «ពួកគេកំពុងអញ្ជើញយើង»។
អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោកថា៖ «ខ្ញុំគិតថា..ហ្គ្រោអង់ឡង់ នឹងក្លាយជារបស់យើងនៅថ្ងៃអនាគត»។ ជុំវិញការទាមទារបញ្ចូលទឹកដីហ្គ្រោអង់ឡង់ ជាដែនដីមួយរបស់សហរដ្ឋអាម៉េរិក បានក្លាយជារបត់ដ៏ក្ដៅគគុក។
នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ហ្គ្រោអង់ឡង់ លោក មុត អ៊ីហ្គេដ បានរិះគន់ផែនការរបស់គណៈប្រតិភូអាម៉េរិក ជុំវិញការទៅទស្សនកិច្ចមូលដ្ឋានយោធាអាម៉េរិក និងចូលរួមការទស្សនាកម្មវិធីប្រណាំងឆ្កែលើផែនទឹកកកថា ជាការបង្កហេតុ ខណៈរដ្ឋាភិបាលចាំផ្ទះរបស់លោកប្រកាសមិនជួបជាមួយក្រុមនេះទេ។