សេវាចារកម្មរបស់ប្រទេសកាណាដា ព្រមានថា ចិន និងឥណ្ឌា នឹងប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតសកលនៅកាណាដា
អូតាវ៉ា៖ កាលពីថ្ងៃចន្ទទី២៤មីនា សេវាចារកម្មរបស់ប្រទេសកាណាដា បានព្រមានថា ចិន និងឥណ្ឌា នឹងប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតសកលនៅកាណាដានៅថ្ងៃទី២៨ ខែមេសា ខណៈរុស្ស៊ី និងប៉ាគីស្ថាន ក៏អាចនឹងមានសកម្មភាពដូចគ្នា។
សេវាស៊ើបការណ៍សម្ងាត់សន្តិសុខកាណាដា (CSIS) ចេញការព្រមានបែបនេះ ស្របពេលទំនាក់ទំនងរបស់រដ្ឋធានីអូតាវ៉ាជាមួយឥណ្ឌា និងចិន ធ្លាក់ចុះកាន់តែខ្លាំង។ រដ្ឋធានីប៉េកាំង និងញូវដេលី បានបដិសេធការចោទប្រកាន់ពីមុនអំពីការជ្រៀតជ្រែកក្នុងការបោះឆ្នោតកាណាដា។
លោកស្រី វ៉ាណេសសា ឡយ (Vanessa Lloyd) នាយករង CSIS បាននិយាយថា រដ្ឋអរិភាពកំពុងបង្កើនការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោត។
លោកស្រីលើកឡើងថា៖«ចិនទំនង ជា ប្រើ ឧបករណ៍ ដែល អាច ប្រើ AI ដើម្បី ព្យាយាម ជ្រៀត ជ្រែក ដំណើរការ ប្រជាធិបតេយ្យ របស់ កាណាដា ក្នុង ការ បោះឆ្នោត បច្ចុប្បន្ន »។
ថ្មីៗនេះទំនាក់ទំនងរវាងចិន និងកាណាដា បានល្អក់កករខ្លាំង ដោយចិនបានប្រកាសដាក់ពន្ធលើផលិតផលកសិកម្ម និងអាហាររបស់កាណាដាមានតម្លៃជាង២,៦ពាន់លានដុល្លារ សងសឹកប្រឆាំងនឹងការយកពន្ធរបស់រដ្ឋធានីអូតាវ៉ាលើរថយន្តអគ្គិសនីរបស់ចិន និងផលិតផលដែកថែប និងអាលុយមីញ៉ូមកាលពីឆ្នាំមុន។
កាណាដាបានអះអាងកាលពីសប្តាហ៍មុនថា ចិនបានប្រហារជីវិតពលរដ្ឋកាណាដាចំនួន៤នាក់ជុំវិញការចោទប្រកាន់ពីការរត់ពន្ធគ្រឿងញៀន ខណៈរដ្ឋធានីអូតាវ៉ាបានថ្កោលទោសយ៉ាងខ្លាំងចំពោះការកាត់ទោសប្រហារជីវិតរបស់រដ្ឋធានីប៉េកាំង។
កាល ពី ឆ្នាំ មុន កាណាដា បាន បណ្ដេញ អ្នក ការទូត ឥណ្ឌា ចំនួន៦នាក់ រួម ទាំង ប្រធាន បេសកកម្ម ផង ដែរ ជុំវិញ ការ ចោទ ប្រកាន់ ថា ពួកគេ មាន ជាប់ ពាក់ព័ន្ធ នឹង ផែនការ ប្រឆាំង នឹងក្រុម បំបែក ខ្លួន Sikh នៅ លើ ទឹកដី កាណាដា។
លោកស្រី ឡយ បាននិយាយថា៖«យើងក៏បានមើលឃើញថា រដ្ឋាភិបាលនៃប្រទេសឥណ្ឌា មានចេតនា និងសមត្ថភាពនៃការជ្រៀតជ្រែកក្នុងសហគមន៍កាណាដា និងដំណើរការប្រជាធិបតេយ្យ»។ លោកស្រីបន្ថែមថា រុស្ស៊ី និងប៉ាគីស្ថាន ក៏អាចធ្វើសកម្មភាពជ្រៀតជ្រែកពីបរទេសប្រឆាំងនឹងកាណាដាដែរ៕