អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG)
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូវាងក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG) នៅសណ្ឋាគារស៊ីហ៊ូ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូនា ពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីក ចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្រប តាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឈានឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ឯកឧត្តម បានបន្ថែមថា ការចុះហត្ថលេខានេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកប ដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក អេតឌី ឈ័រ Eddie Chua នាយកប្រតិបត្តិក្រុមហ៊ុន Peninsula Bay មានប្រសាសន៍ថា ក្រុមហ៊ុន Peninsula Bay បានចាប់ដៃគូរជាមួយក្រុមហ៊ុនសណ្ឋាគារ IHG និងក្រុមហ៊ុន Luxury Business (LBG) ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ផ្តល់សេវាកម្មបដិសណ្ឋាកិច្ចកម្រិតសកល និងលក់រាយខ្នាតយក្ស ក្រុមហ៊ុនបានសហការគ្នាបោះទីតាំង ដើម្បីអភិវឌ្ឍន៍ភាពចម្រុះជូនភ្ញៀវទេសចរណ៍ ក៏ដូចជាការលើកកម្ពស់មុខមាត់ខេត្តព្រះសីហនុ ទៅជាគោលដៅទេសចរណ៍ដ៏សំខាន់នៅអាស៊ីអាគ្នេយ៍ ដែលជាសញ្ញាណបង្ហាញពីការងើបឡើងវិញ នៃវិស័យទេសចរណ៍ កម្រិតជីវភាពក្នុងតំបន់ និងជាកិត្យានុភាពរបស់ខេត្តព្រះសីហនុ ភាពជាដៃគូជាមួយក្រុមហ៊ុន IHG និងក្រុមហ៊ុន LBG បានផ្តល់ឱ្យយើងទទួលបាននូវបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបាន នៅក្នុងផ្នែកបដិសណ្ឋារកិច្ច និងការលក់រាយ ការវិវឌ្ឍន៍នេះ គឺជាសក្ខីភាពបង្ហាញពីចក្ខុវិស័យរបស់យើងក្នុងការច្របាច់បញ្ចូលគ្នានូវភាពប្រណីត នវានុវត្តិន៍ និងសម្បត្តិធម្មជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុ ជា គោលដៅថ្មីមិនធ្លាប់មានក្នុងប្រទេសដ៏ទៃ។ ការអភិវឌ្ឍន៍នេះនឹងមានមុខងារជាច្រើនដូចជា៖ សណ្ឋាគារប្រណិតចំនួន៣ ដោយរាប់បញ្ចូលទាំងសណ្ឋាគារ InterContinental ខេត្តព្រះសីហនុ នឹងផ្តល់សេវាបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរណ៍តាមកម្រិតតម្រូវការ។មជ្ឈមណ្ឌលលក់រាយស្តង់ដារអន្តរជាតិ ដែល នាំមកជូនដោយក្រុមហ៊ុន LBG។ សួនទឹកកម្សាន្ត និងអាងចិញ្ចឹមត្រីសមុទ្រធំជាងគេលើពិភពលោក ដែលត្រូវបានរចនាឡើង ក្រោមកិច្ចសហការ និងភាពជាដៃគូជាមួយអ្នកជំនាញពិភពលោក Pico Play និង ICM ដែលជាក្រុមហ៊ុនឈានមុខគេខាងរចនាបថ វិស្វកម្ម និងប្រតិបត្តិការក្នុងអាងចិញ្ចឹមត្រី និងការកម្សាន្តផ្សេងៗ។ អាងចិញ្ចឹមត្រីសមុទ្រដែលជាគោលដៅប្រជែងកំណត់ត្រាពិភពលោក នឹងមានបង្ហាញអំពីភាពអស្ចារ្យ នៃជីវចម្រុះសមុទ្ររបស់ប្រទេសកម្ពុជា៕