ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា លើសំណើសុំ ចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង
ភ្នំពេញ៖ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សា លើសំណើសុំ ចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង និងគម្រោងបន្ថែមមុខសញ្ញាផលិតកម្មចំនួន ១គម្រោង ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។
គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១០៤លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៤.៤ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (កែច្នៃឈើដាំដុះក្នុងស្រុកគ្រប់ប្រភេទ, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ និងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតអំពូលលម្អនិងគ្រឿងបន្ទាប់បន្សំអគ្គិសនី, ផលិតអំពូលភ្លើងគ្រប់ប្រភេទ, ផលិតគ្រឿងអេទ្បិចត្រូនិក និងសម្ភារៈបរិក្ខារបន្ទាប់បន្សំគ្រប់ប្រភេទ, ផ្គុំដំទ្បើងគ្រឿងអេទ្បិចត្រូនិកគ្រប់ប្រភេទ, ផលិតគ្រឿងបង្គុំឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហធាតុ, ផលិតផលិតផលពីក្រដាស, ផលិតឧបករណ៍បរិក្ខារពេទ្យ, ផលិតគ្រឿងបង្គុំឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហធាតុ, និងការបន្ថែមមុខសញ្ញាបោកគក់សម្លៀកបំពាក់) វិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង (បង្កើតមន្ទីរពេទ្យ និងមន្ទីរពហុព្យាបាលជំងឺចំនួន៨០គ្រែ) និងវិស័យទេសចរណ៍ចំនួន១គម្រោង (បង្កើតរមណីយដ្ឋានចម្រុះ)។
គម្រោងវិនិយោគទាំងនេះ នឹងបោះទីតាំងវិនិយោគនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ត្បូងឃ្មុំ ព្រះសីហនុ និងស្ទឹងត្រែង៕