ជប៉ុន និងចិន ប៉ះទង្គិចគ្នាជាថ្មីកាលពីថ្ងៃទី២៤មីនា
តូក្យូ៖ ជប៉ុន និងចិន បានប៉ះទង្គិចគ្នាជាថ្មីកាលពីថ្ងៃទី២៤មីនា ដោយរាជធានីតូក្យូចោទប្រកាន់រដ្ឋធានីប៉េកាំងថា បានចេញសេចក្តីថ្លែងការណ៍មួយដកស្រង់សម្តីនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា ក្នុងអំឡុងពេលកិច្ចប្រជុំកាលពីសប្តាហ៍មុនជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ។
ការពិភាក្សានៅរាជធានីតូក្យូត្រូវបានចាត់ទុកថា ជាឱកាសមួយដើម្បីកែលម្អទំនាក់ទំនងរវាងប្រទេសទាំងបី ប្រឆាំងនឹងពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក សកម្មភាពមីស៊ីលរបស់កូរ៉េខាងជើង និងសង្គ្រាមអ៊ុយក្រែន។
សេចក្តីប្រកាសមួយរបស់ក្រសួងការបរទេសចិន រាយរាប់ថា លោក អ៊ីស៊ីបា និយាយថា ជប៉ុនគោរពគោលជំហររបស់ភាគីចិន ដូចដែលបានរៀបរាប់ដោយលោក វ៉ាង ក្នុងអំឡុងកិច្ចប្រជុំ។
លោក វ៉ាង បានសង្កត់ធ្ងន់ថា ជប៉ុនគួរតែបំពេញការប្តេជ្ញាចិត្តនយោបាយសំខាន់ៗលើបញ្ហាប្រវត្តិសាស្ត្រ និងកោះតៃវ៉ាន់ ហើយថា រាជធានីតូក្យូគួរតែបញ្ជូនសញ្ញាត្រឹមត្រូវទៅកាន់ពិភពលោក ជាមួយនឹងអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ប្រជាជន និងអនាគត។
នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ចិន ពាក់ព័ន្ធនឹងកិច្ចប្រជុំនោះ។ ប៉ុន្តែជប៉ុនបានច្រានចោលចំពោះខ្លឹមសារនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី និយាយថា៖«ប្រទេសជប៉ុនបានតវ៉ាចំពោះភាគីចិន និងបានស្នើសុំឱ្យដកចេញនូវសេចក្តីថ្លែងការណ៍មិនត្រឹមត្រូវភ្លាមៗ។ វាជាការសោកស្ដាយដែលសេចក្តីប្រកាសខុសពីការពិតត្រូវបានដាក់ចេញ»។
កិច្ចពិភាក្សាកាលពីថ្ងៃចុងសប្តាហ៍មុនបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលដ៏កម្រមួយនៅក្នុងខែឧសភា ឆ្នាំមុនក្នុងរដ្ឋធានីសេអ៊ូល ហើយបានធ្វើឡើងមុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសជប៉ុនដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តាគីស៊ី អ៊ីវ៉ាយ៉ា បាននិយាយថា លោក វ៉ាង និងលោក ឆូ ថេយ៉ុល រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានផ្លាស់ប្ដូរទស្សនៈដោយស្មោះត្រង់លើកិច្ចសហប្រតិបត្តិការត្រីភាគី និងកិច្ចការអន្តរជាតិក្នុងតំបន់ ហើយបានបញ្ជាក់ថា នឹងជំរុញកិច្ចសហប្រតិបត្តិការតម្រង់ទិសនាពេលអនាគត៕