អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងចុះស្រង់ស្ថិតិចំនួនជនបរទេសដោយផ្ទាល់ នៅទីតាំងដែលមិនផ្តល់កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី បានធ្វេីការណែនាំដល់ គ្រប់កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក៏ដូចជាកន្លែងធ្វេីការដែលមានជនបរទេសស្នាក់នៅ ឬធ្វេីការ នៅក្នុងខេត្ត ត្រូវធ្វើបច្ចុប្បន្នភាពជនបរទេសទាំងនោះ ដើម្បីធ្វើរបាយការណ៍មករដ្ឋបាលខេត្ត ធ្វើបច្ចុប្បន្នភាពចំនួនជនបរទេសដែលកំពុងស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រីអភិបាល នៃគណៈអភិបាលខេត្ត បានធ្វេីការណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងការប្រជុំត្រួតពិនិត្យ ធ្វើបច្ចុប្បន្នភាពជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំ ខ សាលាខេត្តបន ្ទាយមានជ័យ ដោយមានការចូលរួមពី អភិបាលរងខេត្ត ស្នងការរងនគរបាលខេត្ត តំណាងម្ចាស់ កាស៊ីណូ ដែលមាននៅក្នុងខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះឯកឧត្ដម ក៏បានដាក់បទបញ្ជា ដែរចំពោះកាស៊ីណូ ក៏ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ដែលត្រូវមានកិច្ចសហការផ្តល់ទិន្នន័យចំនួនជនបរទេស ដែលកំពុងស្នាក់នៅ ធ្វេីការនៅក្នុងខេត្ត បេីមិនព្រមសហការជាមួយអាជ្ញាធរខេត្ត នឹងធ្វើការអនុវត្តទៅតាមនីតិវិធី ចុះដោយផ្ទាល់ដើម្បីស្រង់ស្ថិតិចំនួនជនបរទេសជាក់ស្តែង នៅទីតាំងដែលមិនផ្តល់កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ដើម្បីធ្វើរបាយការណ៍ក្រសួងមហាផ្ទៃ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា ការធ្វេីបច្ចុប្បន្នភាពជនបរទេស នៅក្នុងខេត្តបន្ទាយមានជ័យ ដេីមកបីលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ, ចូលរួមពង្រឹងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈតាមបណ្តាក្រុង-ស្រុ ឃុំ-សង្កាត់ ដើម្បីធានាសុខដុមនីយកម្មរបស់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ និងអ្នកវិនិយោគ ជាតិ-អន្តជាតិ ឱ្យមកទស្សនា និងប្រកបរបររកស៊ីក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជំនឿទុកចិត្តកាន់តែខ្លាំងឡើងថែមទៀត៕