កងទ័ពអ៊ីស្រាអែល វាយប្រហារមូលដ្ឋានយោធាចំនួនពីរនៅកណ្តាលប្រទេសស៊ីរី
ហ្សេរុយសាឡឹម៖ កងទ័ពអ៊ីស្រាអែលបានវាយប្រហារមូលដ្ឋានយោធាចំនួនពីរនៅកណ្តាលប្រទេសស៊ីរី ទោះបីមានការព្រមានពីប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប(EU)ក៏ដោយ។
យោធា អ៊ីស្រាអែលបញ្ជាក់ថា ខ្លួននឹងបន្ត ធ្វើសកម្មភាពដើម្បីលុបបំបាត់ការគំរាមកំហែងណាមួយបង្កឡើងចំពោះពលរដ្ឋនៃរដ្ឋអ៊ីស្រាអែល។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី កាចា កាឡាស (Kaja Kallas) បានព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសស៊ីរី និងលីបង់កំពុងគំរាមកំហែងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ ដោយបញ្ជាក់ថា សកម្មភាពយោធាត្រូវតែសមាមាត្រ ហើយការវាយប្រហាររបស់អ៊ីស្រាអែលទៅកាន់ប្រទេសស៊ីរី និងលីបង់ ជំរុញឱ្យភាពតានតឹងកើនឡើងកាន់តែខ្លាំង។ មិនខ្វល់ពីការព្រមានឡើយ អ៊ីស្រាអែលបានបើកការវាយប្រហាររាប់រយលើកលើទីតាំងយោធា នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីក្រុមឧទ្ទាមដឹកនាំដោយរដ្ឋអ៊ីស្លាម បានផ្តួលរំលំលោក បាសា អាលអាសាដ ក្នុងខែធ្នូឆ្នាំមុន។
អ៊ីស្រាអែល អះអាង ថា ខ្លួនចង់ការពារអាវុធមិនឱ្យធ្លាក់ចូលទៅក្នុងដៃរបស់អាជ្ញាធរថ្មីដែលខ្លួនចាត់ទុកថា ជាក្រុមប្រដាប់អាវុធជីហាដ។ ទោះបីជាមានបទឈប់បាញ់ក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តវាយប្រហារលើប្រទេសលីបង់ ដោយភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។
អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើភាគខាងត្បូងលីបង់ ដោយបានសម្លាប់មនុស្ស៨នាក់ជាការឆ្លើយតបទៅនឹងការបាញ់គ្រាប់មីស៊ីល ដែលបានវាយប្រហារទឹកដីរបស់ខ្លួនជាលើកដំបូងចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ អ៊ីស្រាអែល ក៏ បាន ដាក់ពង្រាយយោធា ទៅ តំបន់ Golan Heights ខណៈនាយករដ្ឋមន្ត្រីប៊េនចាមីន នេតាន់យ៉ាហ៊ូទាមទារយកតំបន់គ្មានយោធា នៅភាគខាងត្បូងប្រទេសស៊ីរីនេះ៕