ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ក្រោមដំបូលសន្តិភាព និងវឌ្ឍនភាពដែលកម្ពុជាកំពុងមាន យើងត្រូវពង្រឹងសុខភាព អប់រំ និងការអភិវឌ្ឍសហគ្រាស
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញថ្លែងសុន្ទរកថាបិទវេទិកាផ្សព្វផ្សាយស្តីពី “វឌ្ឍនភាពនៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍” តាមរយៈការអនុវត្តយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ដែលបានប្រារព្ធធ្វើពេញមួយថ្ងៃនៅវិមានរដ្ឋសភា។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីគោលនយោបាយរបស់ សម្ដេចតេជោប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្ដី បានអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈអាទិភាពគន្លឹះ៤ គឺ មនុស្ស ផ្លូវ ទឹក និងភ្លើង។ គោលនយោបាយរបស់ កម្ពុជាឆ្ពោះទៅឆ្នាំ២០៥០ និងក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ថែមអាទិភាពមួយទៀតគឺ បច្ចេកវិទ្យា។
ទន្ទឹមនឹងការវិវត្តរីកចំរើនទាំងឡាយដែលបានកើតឡើងនៅក្រោមដំបូលសន្តិភាព និងវឌ្ឍនភាពនានា ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់ជូន ប្រជាជនកម្ពុជាត្រូវការសុខភាព អប់រំ និងការអភិវឌ្ឍសហគ្រាស។
– សុខភាព ត្រូវការទឹកស្អាត និងអាហារូបត្ថម្ភ ដែលទាំងកត្តាទាំង២នេះ គឺជាមូលដ្ឋានចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង។
– អប់រំ ត្រូវការភាសាអង់គ្លេស និងការស្រាវជ្រាវ ដែលកត្តាទាំង២នេះ គឺចាំបាច់សម្រាប់ការកសាងសមត្ថភាពរបស់ពលរដ្ឋយើង ឱ្យមានលទ្ធភាពប្រកួតប្រជែងផង និងសហការផង ជាមួយពលរដ្ឋនៃប្រទេសផ្សេងៗ។ ចំពោះការស្រាវជ្រាវ កម្ពុជាត្រូវពង្រឹងការស្រាវជ្រាវជាមួយស្ថាប័នដែលមានស្រាប់ ជាពិសេសស្ថាប័នឧត្ដមសិក្សា ជាជាងការបង្កើតនូវស្ថាប័នស្រាវជ្រាវថ្មីៗទៀត។
– ការអភិវឌ្ឍសហគ្រាស គឺកម្ពុជាយើងចាំបាច់លើកទឹកចិត្តសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលជាមូលដ្ឋាននៃការបង្កើតការងារ នវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច។ នៅគ្រប់ដំណាក់កាលនៃការអភិវឌ្ឍប្រទេសជាតិ គឺចាំបាច់ត្រូវមានការចូលរួមពី វិស័យឯកជន និងពីស្ថាប័នស្រាវជ្រាវ ក្រោមការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល៕