រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៧៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋរយៈពេល ៦ថ្ងៃ ដោយមិនបង់ប្រាក់
ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូន ក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង(City Bus) ចំនួន ៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនសាធារណជនរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយមិនបង់ប្រាក់សម្រាប់ការធ្វើដំណើរពីបាត់ដំបង-ភ្នំពេញ និងពីភ្នំពេញ-បាត់ដំបង៕