យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង (Nguyen Truong Thang) មេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, លោកឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានគោរពរាយការណ៍ជូនសម្តេចបវរធិបតីអំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ ពិសេស រវាងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងកងទ័ពជើងគោកកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងបណ្តាអង្គភាពកងទ័ពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
លោកឧត្តមសេនីយ៍ទោ ក៏បាន គោរព ជម្រាបជូន សម្តេចបវរធិបតី ផងដែរថា ក្នុង ដំណេីរ ទស្សនកិច្ច នាពេល នេះ ក៏ដេីម្បី ជូន ពរដល់អង្គភាពនៃកងយុទ្ធពល ខេមរភូមិន្ទ កម្ពុជា ក្នុ ងឱកាស បុណ្យ ចូលឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរ ដែលនឹង ឈាន ចូល មកដល់ នាពេលខាង មុខនេះ។
ជាការឆ្លើយតប, សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រពៃណី និងជាមិត្តភាព នៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ថា ប្រពៃណីនៃការសាកសួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមករវាងកងទ័ពនៃប្រទេសទាំងពីរ ជាសកម្មភាពដ៏ល្អប្រពៃ មួយ។
សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងគោកកម្ពុជា និងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ជាពិសេសកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ និងការហ្វឹកហ្វឺនដល់កងទ័ពកម្ពុជានាពេលកន្លងមក។
សម្តេចបវរធិបតីក៏បានលើកទឹកចិត្តដល់យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយបញ្ជាការដ្ឋានកងទ័ពជេីងគោក និងបណ្តាអង្គភាពកងទ័ពចំណុះកងទ័ពជើងគោកកម្ពុជា៕