សម្តេចធិបតី អញ្ជើញសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារ ទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ។
អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារ ទីចាត់ការដែលរៀបចំ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
អគារដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ រួមមាន៖ អគារសិក្សាចំនួន ២ខ្នង ៣ជាន់ ស្មើនឹង៦០បន្ទប់ អគារទីចាត់ការ ១ខ្នង ៣បន្ទប់ អគារស្នាក់នៅ (សិស្ស គ្រូ) ២ខ្នង ស្មើនឹង៤០បន្ទប់។
វិទ្យាល័យ ហ៊ុន សែន វាលរេញ ជាគ្រឹះស្ថានអប់រំសាធារណៈ ត្រូវបានកសាងក្នុងឆ្នាំ១៩៩៦ ដើម្បីរួមចំណែកបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋនៅក្នុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រោមការខិតខំផ្តល់សេវាអប់រំ និងលើកកម្ពស់បរិស្ថាន ក្នុងកម្មវិធីប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង វិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤ វិទ្យាល័យ ហ៊ុន សែន វាលរេញ ទទួលបានជ័យ លាភីចំណាត់ថា្នក់លេខ៥ ហើយការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាឆ្នាំកន្លងទៅនេះ វិទ្យាល័យ ហ៊ុន សែន វាលរេញ មាន សិស្សប្រឡងជាប់និទ្ទេស A ចំនួន ៤នាក់។
សូមបញ្ជាក់ថា វិទ្យាល័យ ហ៊ុន សែន វាលរេញ បានរួមចំណែកបណ្តុះបណ្តាលនូវធនធានមនុស្សជាច្រើនក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ។ ក្នុងឆ្នាំសិក្សា ២០២៤ -២០២៥ វិទ្យាល័យមានគ្រូបង្រៀនសរុបចំនួន ៩០នាក់ ស្រី ២៤នាក់ សិស្ស សរុបចំនួន ២,១៧៩នាក់ ស្រី ១,១៧៤នាក់៕