អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ស្ពឺ ធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ
ភ្នំពេញ៖ នៅថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
ពិធីនេះ ក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ លោកជំទាវ ជា វាសនា សមាជិក អ.ដ.ក., ឯកឧត្តម ឯម ច័ន្ទមករា សមាជិក អ.ដ.ក., ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, សាលាដំបូងខេត្តកំពង់ស្ពឺ, ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ, តំណាងស្នងការដ្ឋានខេត្ត, តំណាងបញ្ជាការដ្ឋានសឹករងខេត្ត, តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធ, នាយកទីចាត់ការ, អភិបាលក្រុង ស្រុក និងមេឃុំ-ចៅសង្កាត់ ក្នុងខេត្តកំពង់ស្ពឺ សរុបប្រមាណ ៣៣០រូប។
ថ្លែងក្នុងពិធីនេះ ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន បានគូសបញ្ជាក់អំពីគោលបំណង នៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះគឺ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាធានាបាននូវសុខដុមរមនាក្នុងសហគមន៍ និងសង្គមជាតិ។
ឯកឧត្តមបណ្ឌិត បានបន្តទៀតថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងទទួលបានការគាំទ្រលើ ៣ ចំណុចសំខាន់ពី អ.ដ.ក. គឺ៖
(ទី១)-ក្នុងករណីមានការដាក់ពាក្យស្នើសុំពីរដ្ឋបាលខេត្ត អ.ដ.ក. នឹងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ចំពោះសំណុំរឿងវិវាទទាំងឡាយណាដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយអង្គភាពពាក់ព័ន្ធផ្សេងទៀតដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។
(ទី២)-អ.ដ.ក. នឹងផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស ទាំងផ្នែកបណ្តុះបណ្តាល ដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ស្ពឺ លើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
(ទី៣)-ធ្វើកិច្ចសហការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការបញ្ជូនសំណុំរឿងវិវាទទៅ អ.ដ.ក. ដើម្បីធ្វើការដោះស្រាយ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ក៏បានស្នើដល់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់អំពីដំណើរការនីតិវិធីសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ធានាឱ្យបាននូវការគោរពទាំងស្រុងនូវឆន្ទៈរបស់គូភាគី ជៀសវាងឱ្យបាននូវការបង្ខិតបង្ខំ ឬធ្វើការសម្រេចចិត្តណាមួយជំនួសឱ្យគូភាគីវិវាទ និងមិនត្រូវទទួលសម្រុះសម្រួលផ្សះផ្សាវិវាទណាមួយដែលច្បាប់មិនផ្តល់សមត្ថកិច្ច ឬផ្ទុយពីគោលការណ៍អនុញ្ញាតនៃច្បាប់ឡើយ ៕