សម្តេចធិបតី៖ ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ម៉ោងទៅមួយថ្ងៃ ៤៨ម៉ោង ខ្ញុំកាន់តែអរដើម្បីមានពេលច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយពលរដ្ឋ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ពេលផ្លាស់ប្ដូរពីមេជើងគោក មកជានាយករដ្ឋមន្រ្ដី ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ ម៉ោងទៅមួយថ្ងៃ ៤៨ ម៉ោង ខ្ញុំកាន់តែអរ ដើម្បីមានពេលវេលាច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយដល់ប្រជាពលរដ្ឋ។
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅទៀតនាពេលខាងមុខ ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះ គឺធនធានមនុស្សក្នុងខេត្ត ដើម្បីបម្រើដល់ការអភិវឌ្ឍរីកចម្រើន។
សម្ដេចធិបតី បានបញ្ជាក់ថា ឆ្នាំនេះសម្ដេចនឹងអញ្ជើញជួបជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សច្រើន ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធនានានៅតាមសាលារៀន ហើយនៅឆ្នាំក្រោយសម្ដេចនឹងបន្តជួបជាមួយបងប្អូនកម្មករកម្មការិនីតាមរោងចក្រ៕