សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិនដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិនដែល កំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការលើកឡើងរបស់ក្រុមប្រឆាំងមួយចំនួននោះទេ ពោលគឺរាជរដ្ឋាភិបាលបានឧបត្ថម្ភគ្រប់យ៉ាងគ្រប់រដូវកាលទាំងអស់។
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ពេលរដូវរងារផ្តល់អាវរងារ រដូវភ្លៀងផ្តល់អាវភ្លៀង និងថ្នាំដង្កូវ ហើយមូលហេតុដែលទាហានការពារព្រំដែន ឬទាហានជួរមុខបរិភោគបាយនៅលើដី ពីព្រោះតែទាហានទាំងនោះកំពុងដើរត្បាតតាមបន្ទាត់ព្រំដែន ទើបគ្មានតុបាយត្រឹមត្រូវ ដូច្នេះហើយគ្មានទាហានណាកំពុងដើរល្បាតហើយស្ពាយតុ ឬកៅអីទៅតាមនោះទេ។
ក្នុងឱកាសនោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានលើកឡើងថា យោធិននាពេលបច្ចុប្បន្ន ទាំងអ្នកនៅជួរមុខ នៅតាមក្រវាត់ព្រំដែន ឬនៅតាមអង្គភាពនានានៅទូទាំងប្រទេសគឺមានជីវភាព ល្អប្រសើរ និងសមរម្យ ជាងមុនឆ្ងាយណាស់ ខណៈសព្វថ្ងៃរដ្ឋបានបន្តឧបត្ថម្ភរបបនានាជាច្រើនដល់ពួកគេ និងក្រុមគ្រួសារ៕