សម្តេចធិបតី៖ សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅមុខទៀត ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះគឺធនធានមនុស្ស
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅទៀតនាពេលខាងមុខ ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះ គឺធនធានមនុស្សក្នុងខេត្ត ដើម្បីបម្រើដល់ការអភិវឌ្ឍរីកចម្រើនទាំងនេះ។
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីសោមនស្សរីករាយដែលបានអញ្ជើញជា អធិបតីក្នុងពិធីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការ នៅខេត្តព្រះសីហនុ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបន្ថែមថា ខេត្តព្រះសីហនុ ជាខេត្តសក្ដានុពលមួយដែលត្រូវកសាងមិនអាចអត់បានឡើយ ខណៈខេត្តនេះ គឺជាខេត្តនាំមុខដែលមានកំពង់ផែទឹកជ្រៅ ដែលអនុញ្ញាតឱ្យកំពង់ផែនេះ មានសមត្ថភាពទទួលការចូលចតរបស់នាវាដឹកទំនិញធំៗលើពិភពលោកអាចចូលចតបានស្ទើរតែ ១០០% នៅក្នុងឆ្នាំ២០២៩។ ជាពិសេសកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ចំនួន ១លាន TEUs ជាលើកដំបូង៕