ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ។
អញ្ជើញចូលរួមក្នុងពិធីនេះផងដែរួមមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋានជំនាញ និងសិក្ខាកាមសរុប ១៣០នាក់ ដែលអញ្ជើញពីមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត ។
មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសមន្ត្រីនៅតាមមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត ដើម្បីឱ្យក្លាយទៅជាគ្រូបង្គោលសម្រាប់ផ្តល់ការបណ្តុះបណ្តាលបន្តដល់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ហៅកាត់ថា (គ.អ.ភ) ឱ្យមានសមត្ថភាពកាន់តែខ្ពស់ ប្រកបដោយប្រសិទ្ធភាព នៅតាមគោលដៅ “ភូមិគំរូគន្លឹះ” ដែលក្រសួងបានកំណត់។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ថា្នក់ដឹកនាំ និងមន្ត្រីរាជការជំនាញ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានខិតខំប្រឹងប្រែងរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះឡើង ដើម្បីជំរុញឱ្យការងារអភិវឌ្ឍន៍សហគមន៍នៅជនបទ ជាពិសេសការងារអភិវឌ្ឍន៍ “ភូមិគំរូគន្លឹះ” ដែលក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងអនុវត្តសកម្មភាពនៅតាមបណ្ដាលភូមិគោលដៅ សម្រេចបានលទ្ធផលល្អ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្ដលើកឡើងទៀតថា ការជំរុញចលនាអភិវឌ្ឍន៍ “ភូមិគំរូគន្លឹះ” នេះជាយន្តការអន្តរាគមន៍ដោយផ្ទាល់កម្រិតភូមិ និងគ្រួសារ ដែលមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការជាមូលដ្ឋានរបស់ប្រជាជននៅតំបន់ជនបទ ក្នុងការលើកកម្ពស់ គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ហើយក៏ជាយន្ដការមួយ ដើម្បីឈានទៅសម្រេចនូវផែនការយុទ្ធសាស្ដ្រ និងចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេស នឹងចូលរួមចំណែកសម្រេចឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរដ្ឋសភា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
ជាមួយគ្នានោះផងដែរ ដើម្បីឱ្យវគ្គបណ្ដុះបណ្ដាលនេះ មានប្រសិទ្ធភាពខ្ពស់ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យខំប្រឹងប្រែងយកចិត្តទុកដាក់សិក្សារៀនសូត្រពីវគ្គបណ្តុះបណ្តាលនេះ ដើម្បីក្លាយជាគ្រូបង្គោលសម្រាប់ការងារអភិវឌ្ឍន៍សហគមន៍រួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ៕