សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល
វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកកាលពីថ្ងៃអង្គារទី២៥មីនា បានឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល ខណៈរដ្ឋធានីវ៉ាស៊ីនតោនត្រូវដកទណ្ឌកម្មប្រឆាំងនឹងរដ្ឋធានីមូស្គូមួយចំនួន។
ការប្រកាសនេះត្រូវបានធ្វើឡើង ខណៈសហរដ្ឋអាម៉េរិកបានបញ្ចប់កិច្ចពិភាក្សារយៈពេលបីថ្ងៃជាមួយគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី នៅអារ៉ាប៊ីសាអូឌីតអំពីជំហានអនាគតឆ្ពោះទៅរកបទឈប់បាញ់។ កិច្ចព្រមព្រៀងដាច់ដោយឡែកនេះ គឺជាការជោគជ័យលើកដំបូងក្នុងការស្វែងរកសន្តិភាពឱ្យអ៊ុយក្រែន ចាប់តាំងពីការឡើងកាន់តំណែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដែលកំពុងជំរុញឱ្យមានការបញ្ចប់សង្គ្រាម និងមានទំនាក់ទំនងល្អូកល្អឺនជាមួយរដ្ឋធានីមូស្គូ ដែលបានធ្វើឱ្យរដ្ឋធានីកៀវ និងបណ្តាប្រទេសអឺរ៉ុបស្រឡាំងកាំង។
កិច្ចព្រមព្រៀងអាម៉េរិកជាមួយរុស្ស៊ី ដើរទៅមុខជាងកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ដោយរដ្ឋធានីវ៉ាស៊ីនតោន ប្តេជ្ញាជួយស្វែងរកការដកទណ្ឌកម្មអន្តរជាតិលើការនាំចេញ កសិកម្ម និងជីរបស់រុស្ស៊ី ដែលជាតម្រូវការរបស់រុស្ស៊ីជាប់រហូត។ វិមានក្រឹមឡាំងបានបញ្ជាក់ថា កិច្ចព្រមព្រៀងសមុទ្ទខ្មៅនឹងមិនចូលជាធរមានទេលុះត្រាតែទំនាក់ទំនងរវាងធនាគាររុស្ស៊ីមួយចំនួន និងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិត្រូវបានស្តារឡើងវិញ។ កិច្ចព្រមព្រៀងនេះ នឹងតម្រូវឱ្យមានការបន្ធូរបន្ថយទណ្ឌកម្ម រួមទាំងការស្ដារឡើងវិញនូវទំនាក់ទំនងរវាងធនាគារនាំចេញកសិកម្មរបស់រុស្ស៊ី និងប្រព័ន្ធទូទាត់អន្តរជាតិSWIFT។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Володимир Зеленський) បាននិយាយថា នេះមិនមែនជាការពិតទេ ហើយមិនមានតម្រូវការនៃការបន្ធូរបន្ថយទណ្ឌកម្មសម្រាប់កិច្ចព្រមព្រៀងចូលជាធរមាននោះទេ។ លោក ហ្សេឡេនស្គី បាននិយាយនៅសេចក្តីថ្លែងការណ៍មួយថា៖«ជាអកុសល..សូម្បីតែឥឡូវ! សូម្បីថ្ងៃនេះ នៅថ្ងៃនៃការចរចាក៏ដោយ យើងឃើញពីរបៀបដែលជនជាតិរុស្ស៊ី បានចាប់ផ្តើមរៀបចំរួចហើយ។ ពួកគេកំពុងព្យាយាមបង្ខូចកិច្ចព្រមព្រៀងរួចហើយ ហើយតាមពិតទៅ បញ្ឆោតទាំងអន្តរការីរបស់យើង និងពិភពលោកទាំងមូល»។
លោកបន្តថា កិច្ចព្រមព្រៀងបទឈប់បាញ់នឹងចូលជាធរមានភ្លាមៗ ហើយថាប្រសិនបើរុស្ស៊ីបានរំលោភបំពាននោះ លោកនឹងស្នើឱ្យលោក ត្រាំ ដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋធានីម៉ូស្គូ និងផ្តល់អាវុធបន្ថែមទៀតសម្រាប់អ៊ុយក្រែន។
ទាំងរុស្ស៊ី និងអ៊ុយក្រែន អះអាងថា ពួកគេនឹងពឹងផ្អែកលើរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីអនុវត្តកិច្ចព្រមព្រៀង។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គី ឡាវរ៉ូវ (Сергей Лавров) បានលើកឡើងថា៖«យើងនឹងត្រូវការការធានាច្បាស់លាស់។ ហើយដោយសារបទពិសោធដ៏ក្រៀមក្រំនៃកិច្ចព្រមព្រៀងជាមួយរដ្ឋធានីកៀវ ការធានាអាចគ្រាន់តែជាលទ្ធផលនៃការបញ្ជាពីរដ្ឋធានីវ៉ាស៊ីនតោនទៅកាន់លោក ហ្សេឡេនស្គី»។
កិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេចបន្ទាប់ពីកិច្ចពិភាក្សាជាច្រើនលើករវាងមន្ត្រីអាម៉េរិក និងអ៊ុយក្រែន-រុស្ស៊ី ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ធ្វើឡើងបន្ទាប់ពីការហៅទូរសព្ទដាច់ដោយឡែកកាលពីសប្តាហ៍មុនរវាងលោក ត្រាំ និងប្រធានាធិបតីទាំងពីរគឺ លោក ហ្សេឡេនស្គី និងលោក វ្ល៉ាឌីមៀ ពូទីន។
តាមរយៈបទឈប់បាញ់ រដ្ឋធានីកៀវអាចបើកកំពង់ផែរបស់ខ្លួនឡើងវិញ និងបន្តការនាំចេញនៅកម្រិតមុនសង្គ្រាម។
គួរបញ្ជាក់ថា លោក ត្រាំ បាននិងកំពុងដាក់សម្ពាធលើរដ្ឋធានីម៉ូស្គូ និងកៀវឱ្យបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស ជាគោលដៅដែលលោកបានសន្យាថា នឹងសម្រេចបាននៅពេលលោកបានឈរឈ្មោះជាប្រធានាធិបតីកាលពីឆ្នាំមុន។ ក្នុងពេលជាមួយគ្នានេះ លោកកំពុងបន្តទំនាក់ទំនងជាប់លាប់ជាមួយរុស្ស៊ី៕